លូកា 22:35-53

លូកា 22:35-53 គខប

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់​ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​ថង់​យាម​ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ទៅ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា “គេ​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ” ។ ហេតុ‌ការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គម្ពីរ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! យើង​មាន​ដាវ​ពីរ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ»។ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះអង្គ សិស្ស*​ក៏​នាំ​គ្នា​តាម​ព្រះអង្គ​ទៅ​ដែរ។ កាល​យាង​ទៅ​ដល់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ»។ បន្ទាប់​មក ព្រះអង្គ​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ ព្រះអង្គ​លុត​ជង្គង់​ចុះ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ត​ទូលបង្គំ​ឡើយ គឺ​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​វិញ»។ ពេល​នោះ មាន​ទេវតា*​មួយ​រូប​ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​ឲ្យ​ព្រះអង្គ​ឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះអង្គ។ ព្រះ‌យេស៊ូ​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ ព្រះអង្គ​ទូល‌អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះអង្គ​ដូច​ជា​តំណក់​ឈាម ស្រក់​ចុះ​ដល់​ដី។ កាល​ព្រះអង្គ​ទូល‌អង្វរ​រួច​ហើយ ព្រះអង្គ​ក្រោក​ឡើង ត្រឡប់​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង»។ នៅ​ពេល​ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​បណ្ដា‌ជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្ស*​មួយ​រូប ក្នុង​ក្រុម​ទាំង​ដប់‌ពីរ។ គាត់​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ថើប​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស*​ឬ​អី?»។ ពួក​អ្នក​នៅ​ជា​មួយ​ព្រះ‌យេស៊ូ​ឃើញ​ហេតុ‌ការណ៍​ដែល​ហៀប​នឹង​កើត​ឡើង ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់! តើ​ឲ្យ​យើង​ខ្ញុំ​ហូត​ដាវ​កាប់​គេ​ឬ?»។ សិស្ស​ម្នាក់​បាន​កាប់​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ*​មួយ​ដាវ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះអង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​ប្រោស​គាត់​ឲ្យ​ជា​ដូច​ដើម​វិញ។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាយក​បូជា‌ចារ្យ* មេ​ក្រុម​រក្សា​ព្រះ‌វិហារ និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ដែល​មក​ចាប់​ព្រះអង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ​ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 22:35-53

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ