លូកា 22:1-22
លូកា 22:1-22 គខប
ពិធីបុណ្យនំប៉័ងឥតមេ ដែលហៅថាបុណ្យចម្លង*នោះ កាន់តែជិតដល់ហើយ ពួកនាយកបូជាចារ្យ និងពួកអាចារ្យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ ពេលនោះ មារសាតាំងបានចូលយូដាស ហៅអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងក្រុមទាំងដប់ពីររូប។ យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ* អំពីឧបាយកលដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ មិនឲ្យបណ្ដាជនដឹងឡើយ។ លុះដល់ថ្ងៃបុណ្យនំប៉័ងឥតមេ*ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង ព្រះយេស៊ូបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀងសម្រាប់យើង នៅក្នុងពេលបុណ្យចម្លង*»។ អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងនៅកន្លែងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?”។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លងនៅក្នុងបន្ទប់នោះចុះ»។ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*។ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក* ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លង*នេះ ជាមួយអ្នករាល់គ្នាណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់»។ ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យ*ព្រះជាម្ចាស់មកដល់»។ បន្ទាប់មក ព្រះអង្គយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មីចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្សមុខជាត្រូវវេទនាពុំខាន»។


