លូកា 2:8-20

លូកា 2:8-20 គខប

ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។ ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​មូល​មាន​អំណរ​ដ៏​លើស‌លុប។ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។ នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។ រំពេច​នោះ មាន​ទេវតា​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែនដី!»។ លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។ ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី លោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។ អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​គេ​បាន​ឃើញ​បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 2:8-20

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ