លូកា 18:18-43

លូកា 18:18-43 គខប

មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មត៌ក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ថា​ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ លោក​ស្គាល់​បទ‌បញ្ជា*​ស្រាប់​ហើយ​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស ចូរ​គោរព​មាតា‌បិតា”» ។ បុរស​នោះ​ទូល​ព្រះ‌យេស៊ូ​ថា “ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។ ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​សល់​កិច្ចការ​មួយ​ទៀត​ដែល​លោក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ។ ធ្វើ​ដូច្នេះ លោក​នឹង​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ​ចុះ»។ ពេល​នាម៉ឺន​នោះ​ឮ​ដូច្នេះ គាត់​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ដ្បិត​គាត់​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ។ កាល​ព្រះ‌យេស៊ូ​ឃើញ​គាត់​ព្រួយ​ចិត្ត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ណាស់ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ អស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ពោល​ឡើង​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះ‌ជាម្ចាស់​ធ្វើ​កើត​ទាំង​អស់»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ អ្វីៗ​ដែល​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​ទាំង​អស់ ហើយ​មក​តាម​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង ប្រពន្ធ កូន ឪពុក‌ម្ដាយ និង​បងប្អូន ដោយ​យល់​ដល់​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើស‌លុប​នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។ ព្រះ‌យេស៊ូ​នាំ​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ចេញ​ទៅ​ជា​មួយ​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម អ្វីៗ​ទាំង​អស់​ដែល​ព្យាការី*​បាន​ចែង​ទុក​អំពី​បុត្រ​មនុស្ស* នឹង​កើត​មាន​នៅ​ទី​នោះ គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​ត្មះ‌តិះ‌ដៀល​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ គេ​នឹង​យក​រំពាត់​វាយ​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ ពួក​សាវ័ក​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។ កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់​អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។ ពេល​គាត់​ឮ​ស្នូរ​បណ្ដា‌ជន​ដើរ​តាម​នោះ គាត់​សួរ​គេ​ថា​មាន​រឿង​អ្វី គេ​ប្រាប់​គាត់​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​យាង​មក​តាម​ផ្លូវ​នោះ។ មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង!»។ ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​បញ្ជា​គេ​ឲ្យ​នាំ​គាត់​ចូល​មក​ជិត​ព្រះអង្គ។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ព្រះអង្គ​ប្រោស​ឲ្យ​ភ្នែក​ទូលបង្គំ​បាន​ភ្លឺ​ឡើង​វិញ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ចូរ​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ»។ រំពេច​នោះ គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះ‌យេស៊ូ ទាំង​លើក​តម្កើង សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ ប្រជា‌ជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។