ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គល*ហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។ លុះដល់ពេលជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើលសូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងឡើយ”។ អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។ បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!”»។ មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖ «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំដែរ។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឲ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញមុខជាសើចចំអកឲ្យមិនខាន។ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា បើឃើញថាមិនអាចតទល់ទេ នោះស្ដេចនឹងចាត់រាជទូតឲ្យទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្ស*របស់ខ្ញុំឡើយ»។ «អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងឲ្យវាប្រៃវិញបាន? វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដី ឬលាយជី ក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
អាន លូកា 14
ស្ដាប់នូវ លូកា 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 14:15-35
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ