លូកា 12:49-56

លូកា 12:49-56 គខប

«ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែនដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ។ ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ម្យ៉ាង។ ខ្ញុំ​តាន‌តឹង​ក្នុង​ចិត្ត​ក្រៃ‌លែង ចង់​តែ​ឲ្យ​ពិធី​នោះ​បាន​សម្រេច​ឆាប់ៗ។ កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្តិ‌ភាព​ឲ្យ​ផែនដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់​បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់ ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយ‌ក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយ‌ក្មេក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា​ជិត​ភ្លៀង​ហើយ ហើយ​ក៏​ភ្លៀង​មែន។ កាល​ណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខ​ជា​ក្ដៅ​ហើយ ហើយ​ក៏​ក្ដៅ​មែន។ មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ចេះ​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​ផែនដី និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពុំ​យល់​ហេតុ‌ការណ៍​នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»។