លូកា 12:22-48

លូកា 12:22-48 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​អំពី​សម្លៀក‌បំពាក់​សម្រាប់​បិទ‌បាំង​រូប​កាយ​ឡើយ ដ្បិត​ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ ចូរ​មើល​ក្អែក វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ គ្មាន​ឃ្លាំង គ្មាន​ជង្រុក​សោះ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ចិញ្ចឹម​វា រីឯ​អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​លើស​បក្សា‌បក្សី​ច្រើន​ណាស់។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​ឡើយ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ដែរ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាច​សម្រេច​ការ​ដ៏​តូច​បំផុត​នេះ​បាន​ផង ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្វល់​ខ្វាយ​អំពី​រឿង​ផ្សេងៗ​ទៀត។ ចូរ​គិត​មើល ផ្កា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ដែល​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ត្បាញ​រវៃ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ស្ដេច​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យ​ផ្កា ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ ហើយ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែ​ពី​ស្វែង​រក​គ្រឿង​បរិភោគ​នោះ​ឡើយ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ចូរ​ខំ​ស្វែង​រក​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​វិញ ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ «កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ព្រះ‌រាជ្យ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​លក់​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា យក​ប្រាក់​ចែក​ជា​ទាន​ដល់​ជន​ក្រីក្រ​ចុះ។ ចូរ​ប្រមូល​ទ្រព្យ​ដែល​មិន​ចេះ​ពុក ជា​សម្បត្តិ​ដែល​មិន​ចេះ​រលាយ ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន​បរម‌សុខ* ជា​ស្ថាន​ដែល​គ្មាន​ចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។ ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ»។ «ចូរ​ប្រុង​ប្រៀប​ខ្លួន ហើយ​ទុក​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។ ចូរ​ប្រព្រឹត្ត​ឲ្យ​បាន​ដូច​ពួក​អ្នក​បម្រើ ដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់​លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀបចំ​ខ្លួន​បម្រើ​គេ​វិញ។ បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឲ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស*​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។ លោក​ពេត្រុស​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សម្រាប់​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប​ដែរ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។ អ្នក​បម្រើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​ឲ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។