អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងឡើយ សូម្បីតែបន្តិចក៏មិនបានដែរ។ ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ ចូរគិតមើល ផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរខំស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។ «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។ ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ* ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។ «ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឲ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឲ្យវាចូលមកក្នុងផ្ទះគាត់ឡើយ។ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្ស*នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។ លោកពេត្រុសទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។ អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្តិចទេ។ បើគេឲ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។ «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។ ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្តក្រៃលែង ចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។ កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្ដល់សន្តិភាពឲ្យផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។ ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់ ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថាជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។ មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍នាសម័យបច្ចុប្បន្ននេះផង?»។ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯងនូវអំពើសុចរិត ដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត? ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវ អ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។
អាន លូកា 12
ស្ដាប់នូវ លូកា 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 12:21-59
5 Days
Just as a physically unhealthy heart can destroy your body, an emotionally and spiritually unhealthy heart can destroy you and your relationships. For the next five days, let Andy Stanley help you look within yourself for four common enemies of the heart — guilt, anger, greed, and jealousy — and teach you how to remove them.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ