លូកា 11:37-44

លូកា 11:37-44 គខប

កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​សូម​យាង​ព្រះអង្គ​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។ អ្នក​ខាង​គណៈ‌ផារីស៊ី​នោះ​ងឿង‌ឆ្ងល់​ក្រៃ‌លែង ព្រោះ​ឃើញ​ព្រះ‌យេស៊ូ​មិន​លាង​ព្រះ‌ហស្ដ​មុន​ពេល​សោយ។ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​កេង‌ប្រវ័ញ្ច និង​គំនិត​អាក្រក់។ មនុស្ស​ឆោត​ល្ងង់​អើយ! ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខាង​ក្រៅ តើ​ព្រះអង្គ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ? ចូរ​យក​អ្វីៗ​នៅ​ក្នុង​ចាន ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​ទៅ នោះ​ប្រដាប់​ប្រដា​ទាំង​អស់​នឹង​បាន​ស្អាត​បរិសុទ្ធ* សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រើ‌ប្រាស់។ ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌លីងល័ខ និង​បន្លែ​គ្រប់​មុខ មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​ធ្វេស‌ប្រហែស​មិន​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត* ហើយ​មិន​បាន​ស្រឡាញ់​ព្រះអង្គ​ឡើយ គឺ​ការ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត ឯ​ការណ៍​ដទៃ​ទៀត​ក៏​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​ដែរ។ ពួក​ផារី​ស៊ី​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​កិត្តិយស​ក្នុង​សាលា​ប្រជុំ* ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​អ្នក​រាល់​គ្នា​នៅ​តាម​ផ្សារ។ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច ដែល​គេ​មើល​មិន​ឃើញ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។