ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្ស គម្នាក់។ លុះអារក្សចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចអារក្សបានប្រគល់អំណាចឲ្យគាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។ យ៉ាងណាមិញ ប្រសិនបើមារសាតាំង*បាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្សដោយអំណាចនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាងមកវាយយកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឲ្យអ្នកផ្សេងថែមទៀតផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ កាលបើអារក្សចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ នោះវាមុខជានិយាយថា “អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក”។ លុះទៅដល់ ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អ វានឹងចេញទៅបបួលអារក្សប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គល*មែន!»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។ ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់ឃើញតែទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។ «ពុំដែលមាននរណាអុជចង្កៀងយកទៅលាក់ទុក ឬយកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។ ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។ ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ត្រឡប់ទៅជាភាពងងឹតឡើយ។ ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះ រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូល មានបុរសម្នាក់ខាងគណៈផារីស៊ី*បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយ អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់នឹងបានស្អាតបរិសុទ្ធ* សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។ ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត* ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការណ៍ដទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងសាលាប្រជុំ* ហើយចូលចិត្តឲ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។ មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា លោកត្មះតិះដៀលយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពួកបណ្ឌិតខាងវិន័យអើយ អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្តិចក៏មិនជួយផង។ អ្នករាល់គ្នាត្រូវវេទនាជាជាមិនខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យព្យាការី* ដែលបុព្វបុរស*របស់អ្នករាល់គ្នាបានសម្លាប់។ អ្នករាល់គ្នាធ្វើដូច្នេះបញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រកបដោយព្រះប្រាជ្ញាញាណ មានព្រះបន្ទូលថា “យើងនឹងចាត់ព្យាការី* ព្រមទាំងទូតរបស់យើងជាច្រើនឲ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក គឺចាប់តាំងពីលោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។ ពួកបណ្ឌិតខាងវិន័យ*អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។
អាន លូកា 11
ស្ដាប់នូវ លូកា 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 11:14-54
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ