លូកា 1:8-30

លូកា 1:8-30 គខប

ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។ គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជា‌ជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិស្ឋាន*។ រំពេច​នោះ លោក​សាការី​ឃើញ​ទេវតា*​របស់​ព្រះ‌អម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ​ខ្លាច​ទៀត​ផង។ ទេវតា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះ‌អម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន” ។ កូន​នោះ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។ កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ កូន​នោះ​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ កូន​នោះ​នឹង​មក​មុន​ព្រះអង្គ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដូច​លោក​អេលីយ៉ា​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​បំបែរ​ចិត្ត​មនុស្ស​រឹង​ទទឹង​ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀបចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេច​ទុក​សម្រាប់​ទទួល​ព្រះ‌អម្ចាស់»។ លោក​សាការី​សួរ​ទៅ​ទេវតា*​ថា៖ «តើ​ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។ ទេវតា​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រី‌យ៉ែល ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ​មក​ប្រាប់​លោក ប៉ុន្តែ ដោយ​លោក​ពុំ​ព្រម​ជឿ​ពាក្យ​ខ្ញុំ លោក​នឹង​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត រហូត​ដល់​ថ្ងៃ​ដែល​ហេតុ‌ការណ៍​ទាំង​នោះ​បាន​សម្រេច​តាម​ពេល​កំណត់»។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​លោក​សាការី ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទីសក្ការៈ​យូរ​ដូច្នេះ។ កាល​លោក​ចេញ​មក​វិញ លោក​ពុំ​អាច​និយាយ​ទៅ​គេ​បាន​ឡើយ។ ប្រជា‌ជន​ទាំង​នោះ​យល់​ថា លោក​ប្រាកដ​ជា​បាន​ឃើញ​ការ​អស្ចារ្យ​អ្វី​មួយ​នៅ​ក្នុង​ទី‌សក្ការៈ​ជា​មិន​ខាន។ លោក​សាការី​ធ្វើ​តែ​កាយ‌វិការ​ឲ្យ​គេ​យល់ ព្រោះ​លោក​នៅ​គ​និយាយ​មិន​កើត។ លុះ​លោក​សាការី​បាន​បំពេញ​ការ‌ងារ​តាម​វេន​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក្រោយ​មក នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក ក៏​ចាប់​មាន​ផ្ទៃ​ពោះ នាង​លាក់​ខ្លួន​អស់​រយៈ​ពេល​ប្រាំ​ខែ។ នាង​នឹក​គិត​ថា៖ «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។ ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រី‌យ៉ែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។ ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:8-30

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ