លូកា 1:5-17

លូកា 1:5-17 គខប

នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប​ឈ្មោះ សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ‌បញ្ជា និង​ឱវាទ​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។ អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។ ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។ គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជា‌ជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិស្ឋាន*។ រំពេច​នោះ លោក​សាការី​ឃើញ​ទេវតា*​របស់​ព្រះ‌អម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ​ខ្លាច​ទៀត​ផង។ ទេវតា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះ‌អម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន” ។ កូន​នោះ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។ កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ កូន​នោះ​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ កូន​នោះ​នឹង​មក​មុន​ព្រះអង្គ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដូច​លោក​អេលីយ៉ា​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​បំបែរ​ចិត្ត​មនុស្ស​រឹង​ទទឹង​ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀបចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេច​ទុក​សម្រាប់​ទទួល​ព្រះ‌អម្ចាស់»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:5-17

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ