លូកា 1:26-56

លូកា 1:26-56 គខប

ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រី‌យ៉ែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។ ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ។ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា“យេស៊ូ”។ បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា “ព្រះ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ​ឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះអង្គ ព្រះអង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​អស់‌កល្ប​ជានិច្ច ហើយ​រាជ្យ​របស់​ព្រះអង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។ នាង​ម៉ារី​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។ ទេវតា*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះ‌នាម​ដល់​បុត្រ​ដ៏វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”។ ម្យ៉ាង​ទៀត នាង​អេលី‌សាបិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វី‌ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។ នាង​ម៉ារី​ពោល​ទៅ​ទេវតា​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវតា​ចាក​ចេញ​ពី​នាង​ទៅ។ នៅ​គ្រា​នោះ នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។ នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​សាការី ហើយ​ជម្រាប​សួរ​នាង​អេលី‌សាបិត។ ពេល​នាង​អេលី‌សាបិត​ឮ​នាង​ម៉ារី​ជម្រាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បម្រះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។ តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ? កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ នាង​ពិត​ជា​មាន​សុភមង្គល​មែន ព្រោះ​នាង​បាន​ជឿ ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​នាង​មុខ​ជា​សម្រេច​មិន​ខាន»។ ពេល​នោះ នាង​ម៉ារី​ថ្លែង​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់* ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ព្រះអង្គ​ទត​មើល​មក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ព្រះអង្គ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្តែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ ព្រះ‌នាម​របស់​ព្រះអង្គ​ពិត​ជា​វិសុទ្ធ*​មែន! ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះអង្គ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រះអង្គ​បាន​សម្តែង​ឫទ្ធិ‌បារមី កម្ចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រះអង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះអង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។ ព្រះអង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មាន ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ព្រះអង្គ​បាន​ជួយ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោក ជានិច្ច​ត​រៀង​ទៅ ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ឥត​ភ្លេច​សោះ​ឡើយ»។ នាង​ម៉ារី​បាន​ស្នាក់​នៅ​ជា​មួយ​នាង​អេលី‌សាបិត​អស់​រយៈ​ពេល​ប្រមាណ​បី​ខែ ទើប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:26-56

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ