សូមជម្រាបមកឯកឧត្ដមថេវភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្តទុកដាក់កត់ត្រាទុកនូវហេតុការណ៍ទាំងអម្បាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកតាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្តមកយើងខ្ញុំ។ ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុកតាមលំដាប់លំដោយ ផ្ញើមកជូនលោក។ ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។ នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ*មួយរូបឈ្មោះ សាការី ជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ*អើរ៉ុន ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។ អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ ថ្ងៃមួយ លោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។ គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។ រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន” ។ កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* តាំងពីក្នុងផ្ទៃម្ដាយមក។ កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេចទុកសម្រាប់ទទួលព្រះអម្ចាស់»។ លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា លោកប្រាកដជាបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។ ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលឲ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះ យ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។ ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច? ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវតាថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។ នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាសម្រេចមិនខាន»។ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបានសម្តែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន! ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ ព្រះអង្គបានសម្តែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។ ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមាន ឲ្យត្រឡប់ទៅវិញដោយដៃទទេ។ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា ដល់លោកអប្រាហាំ និងពូជពង្សរបស់លោក ជានិច្ចតរៀងទៅ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ឥតភ្លេចសោះឡើយ»។ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។ លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។ អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។ ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក*ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី”ដូចឪពុកដែរ តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន”វិញ»។ ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។ គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ លោកសាការីសុំឲ្យគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។ អ្នកជិតខាងកោតស្ញប់ស្ញែង គ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។ អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមី របស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។ ពេលនោះ លោកសាការីជាឪពុករបស់ទារក បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ ព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម គឺព្រះអង្គសង្គ្រោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។ ព្រះអង្គសម្តែងព្រះហឫទ័យ មេត្តាករុណាដល់បុព្វបុរស*របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី* ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា ព្រះអង្គនឹងរំដោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបាន ដោយឥតភ័យខ្លាច ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ* និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី* របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឲ្យគេរួចពីបាប។ ព្រះរបស់យើងមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប ព្រះអង្គប្រទានថ្ងៃរះ ពីស្ថានលើមក ដើម្បីរំដោះយើង និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។ កុមារយ៉ូហានមានវ័យចម្រើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលឃើញ។
អាន លូកា 1
ស្ដាប់នូវ លូកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 1:1-80
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ