លូកា 1:1-7

លូកា 1:1-7 គខប

សូម​ជម្រាប​មក​ឯក‌ឧត្ដម​ថេវ‌ភីល សូម​ជ្រាប! មនុស្ស​ជា​ច្រើន​ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​អម្បាល‌ម៉ាន ដែល​កើត​មាន​ក្នុង​ចំណោម​យើង​ខ្ញុំ។ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​តាំង​ពី​ដំបូង​រៀង​មក ហើយ​ទទួល​មុខងារ​បម្រើ​ព្រះ‌បន្ទូល បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​បន្ត​មក​យើង​ខ្ញុំ។ ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក​តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។ ខ្ញុំ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ចង់​ឲ្យ​លោក​ជ្រាប​ថា សេចក្ដី​ប្រៀន‌ប្រដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ទទួល ពិត​ជា​ត្រឹម​ត្រូវ​មែន។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប​ឈ្មោះ សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ‌បញ្ជា និង​ឱវាទ​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។ អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។