លូកា 1:1-13

លូកា 1:1-13 គខប

សូម​ជម្រាប​មក​ឯក‌ឧត្ដម​ថេវ‌ភីល សូម​ជ្រាប! មនុស្ស​ជា​ច្រើន​ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​អម្បាល‌ម៉ាន ដែល​កើត​មាន​ក្នុង​ចំណោម​យើង​ខ្ញុំ។ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​តាំង​ពី​ដំបូង​រៀង​មក ហើយ​ទទួល​មុខងារ​បម្រើ​ព្រះ‌បន្ទូល បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​បន្ត​មក​យើង​ខ្ញុំ។ ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក​តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។ ខ្ញុំ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ចង់​ឲ្យ​លោក​ជ្រាប​ថា សេចក្ដី​ប្រៀន‌ប្រដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ទទួល ពិត​ជា​ត្រឹម​ត្រូវ​មែន។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប​ឈ្មោះ សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ‌បញ្ជា និង​ឱវាទ​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។ អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។ ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។ គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជា‌ជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិស្ឋាន*។ រំពេច​នោះ លោក​សាការី​ឃើញ​ទេវតា*​របស់​ព្រះ‌អម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ​ខ្លាច​ទៀត​ផង។ ទេវតា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះ‌អម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន” ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:1-13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ