លេវីវិន័យ ពាក្យលំនាំ
ពាក្យលំនាំ
លោកលេវីជាកូនម្នាក់ ក្នុងចំណោមកូនទាំងដប់ពីររបស់លោកយ៉ាកុប។ សមាជិកនៃកុលសម្ព័ន្ធលេវីទទួលមុខងាររៀបចំពិធីបុណ្យផ្សេងៗក្នុងទីសក្ការៈ។ ក្នុងកណ្ឌគម្ពីរ «លេវីវិន័យ» នេះមានកត់ត្រាទុកច្បាប់ និងក្បួនតម្រាផ្សេងៗ សម្រាប់រៀបចំពិធីទាំងនោះ។
នៅខដំបូងនៃកណ្ឌគម្ពីរលេវីវិន័យ មានរៀបរាប់អំពីព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ ពីពន្លាជួបព្រះអម្ចាស់។ បន្ទាប់មក ក្នុងកណ្ឌគម្ពីរនេះទាំងមូល ព្រះជាម្ចាស់ថ្លែងប្រាប់លោកម៉ូសេអំពីក្រឹត្យវិន័យ និងច្បាប់មួយចំនួន សម្រាប់ឲ្យជនជាតិអ៊ីស្រាអែលប្រតិបត្តិតាម ហើយព្រះអង្គក៏ប្រទានព្រះបន្ទូលសន្យាជាមួយផង: «អ្នកដែលប្រតិបត្តិតាមនឹងមានជីវិតដោយសារក្រឹត្យវិន័យ និងច្បាប់ទាំងនោះ» (១៨.៥ រ៉ូម ១០.៥)។ សរុបសេចក្ដីមក ព្រះជាម្ចាស់ពន្យល់ជនជាតិអ៊ីស្រាអែលអំពីរបៀបដែលត្រូវប្រព្រឹត្ត ដើម្បីកុំឲ្យមានឧបសគ្គមករារាំងទំនាក់ទំនងរវាងព្រះជាម្ចាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ។
ដើម្បីឲ្យ «ព្រះពន្លា» ជាកន្លែងដែលព្រះអម្ចាស់យាងមកជួបជាមួយប្រជារាស្ត្ររបស់ព្រះអង្គ
• អ្នកមានមុខងារថ្វាយយញ្ញបូជាត្រូវថ្វាយតាមក្បួនតម្រា (ចំពូក ១-៧)
• បូជាចារ្យត្រូវមានឥរិយាបថថ្លៃថ្នូរ ហើយប្រជាជនត្រូវតែគោរពពួកលោក (ចំពូក ៨-១០)
• សមាជិកនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់មិនត្រូវបណ្ដោយឲ្យខ្លួនទៅជាសៅហ្មង (ចំពូក ១១-១៦)
• មិនត្រូវឲ្យមានសៅហ្មងផ្នែកខាងសីលធម៌ និងការគោរពបម្រើព្រះជាម្ចាស់ (ចំពូក ១៧-២៧)។
ព្រះដ៏វិសុទ្ធបំផុត ព្រះនៃសេចក្ដីស្រឡាញ់ ព្រះអម្ចាស់នៃជីវិត សព្វព្រះហឫទ័យប្រោសឲ្យប្រជាជនរបស់ព្រះអង្គបានវិសុទ្ធដូចព្រះអង្គដែរ (១៩.២) ដើម្បីឲ្យគេផ្សព្វផ្សាយសេចក្ដីស្រឡាញ់ និងជីវិតដែលមកពីព្រះអង្គ។ ព្រះអង្គប្រទានក្រឹត្យវិន័យដ៏សំខាន់មកប្រជារាស្ត្ររបស់ព្រះអង្គ ជាក្រឹត្យវិន័យដែលក្រោយមក ព្រះយេស៊ូរំឭកអំពីគោលដ៏សំខាន់ គឺ «ត្រូវស្រឡាញ់អ្នកដទៃឲ្យដូចស្រឡាញ់ខ្លួនឯង»។ (១៩.១៨, ម៉ាថាយ.២២, ៣៩)។
ក្រឹត្យវិន័យទាំងនេះរំឭកអ្នកជឿគ្រប់ជំនាន់ និងគ្រប់ទីកន្លែង ឲ្យចងចាំជានិច្ចថា ព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ ហើយមនុស្សយើងត្រូវការមានទំនាក់ទំនងជាមួយព្រះអង្គយ៉ាងចាំបាច់បំផុត។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.