លេវីវិន័យ 25:23-28

លេវីវិន័យ 25:23-28 គខប

អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្ដាច់​ឲ្យ​គេ​រហូត​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរ‌ទេស ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​លើ​ដី​របស់​យើង។ នៅ​ក្នុង​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក ត្រូវ​បង្កើត​ឲ្យ​មាន​ច្បាប់​លោះ​ដី។ ប្រសិន​បើ​បងប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​មួយ​ចំណែក​របស់​ខ្លួន អ្នក​ដែល​មាន​សិទ្ធិ​លោះ​ដី គឺ​សាច់‌ញាតិ​ដ៏​ជិត‌ដិត ត្រូវ​មក​លោះ​យក​ដី​ដែល​បងប្អូន​នោះ​លក់។ ប្រសិន​បើ​អ្នក​នោះ​គ្មាន​សាច់‌ញាតិ​មក​លោះ​យក​ដី​ទេ ហើយ​ប្រសិន​បើ​គាត់​ធូរ‌ធារ​អាច​លោះ​ដី​នោះ​ដោយ​ខ្លួន​ឯង​បាន គាត់​ត្រូវ​រាប់​ចំនួន​ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ខ្លួន​បាន​លក់​ដី​នោះ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា រួច​បង់​ប្រាក់​ទៅ​ឲ្យ​អ្នក​ទិញ​តាម​ចំនួន​ឆ្នាំ​ទាំង​នោះ ហើយ​កាន់​កាប់​ទឹក​ដី​របស់​ខ្លួន​វិញ។ ប្រសិន​បើ​គេ​គ្មាន​ប្រាក់​លោះ​ដី​នោះ​ទេ ដី​នោះ​ត្រូវ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ដី​នោះ ហើយ​ម្ចាស់​ដី​អាច​វិល​មក​កាន់​កាប់​ដី​របស់​ខ្លួន​វិញ។