លេវីវិន័យ 2

2
តង្វាយ​ធញ្ញជាតិ
1«ប្រសិន​បើ​នរណា​ម្នាក់​ចង់​យក​ម្សៅ​មក​ថ្វាយ​ជា​តង្វាយ ចំពោះ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង 2ហើយ​យក​តង្វាយ​នោះ​មក​ជូន​ពួក​បូជា‌ចារ្យ* ជា​កូន​លោក​អើរ៉ុន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​បូជា‌ចារ្យ​ម្នាក់​យក​តង្វាយ​នេះ​ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់3រីឯ​តង្វាយ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា​ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់
4ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ដុត​ចម្អិន​ក្នុង​ឡ ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ ឬ​ធ្វើ​នំ​ក្រៀប​ពី​ម្សៅ​ឥត​មាន​មេ ហើយ​ច្រួច​ប្រេង​ពី​លើ។
5ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ។ 6ត្រូវ​កាត់​នំ​នោះ​ជា​ដុំៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​តង្វាយ​ធញ្ញជាតិ។
7ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចៀន ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង។
8អ្នក​ត្រូវ​នាំ​យក​តង្វាយ​ជា​ធញ្ញជាតិ​ដែល​ចម្អិន​ហើយ​នោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លើក​ជូន​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​យក​តង្វាយ​នោះ​ឆ្ពោះ​ទៅ​អាសនៈ។ 9លោក​បូជា‌ចារ្យ​យក​តង្វាយ​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់10រីឯ​តង្វាយ​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់
11មិន​ត្រូវ​យក​តង្វាយ​ម្សៅ​ដែល​មាន​មេ មក​ថ្វាយ​ព្រះ‌អម្ចាស់​ទេ គឺ​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ មិន​ត្រូវ​មាន​មេ ឬ​ទឹក​ឃ្មុំ​ឡើយ។ 12អ្នក​អាច​ថ្វាយ​តង្វាយ​ទាំង​នេះ​ចំពោះ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ផល​ដំបូង។ ប៉ុន្តែ មិន​ត្រូវ​យក​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ ទុក​ជា​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ឡើយ។ 13ត្រូវ​លាយ​អំបិល ​ជា​មួយ​តង្វាយ​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​អ្នក​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់។ កុំ​ភ្លេច​លាយ​អំបិល​ជា​មួយ​តង្វាយ​របស់​អ្នក​ឡើយ ដ្បិត​អំបិល​ជា​និមិត្ត‌រូប​ពី​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​អ្នក។ ហេតុ​នេះ ត្រូវ​យក​អំបិល​មក​ថ្វាយ​ជា​មួយ​តង្វាយ​ទាំង​ប៉ុន្មាន​របស់​អ្នក។
14ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​នៃ​ចម្រូត​របស់​អ្នក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​យក​គ្រាប់​ស្រូវ​ទៅ​លីង រួច​បុក​គ្រាប់​ស្រូវ​នោះ​ទុក​ជា​តង្វាយ​ផល​ដំបូង។ 15ត្រូវ​ចាក់​ប្រេង​ពី​លើ ហើយ​ដាក់​គ្រឿង​ក្រអូប​ផង។ នេះ​ជា​តង្វាយ​ធញ្ញជាតិ។ 16បូជា‌ចារ្យ​យក​អំបុក​មួយ​ចំណែក ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ ទៅ​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំឭក។ នេះ​ជា​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់»។

ទើបបានជ្រើសរើសហើយ៖

លេវីវិន័យ 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ