បរិទេវ 5:1-22

បរិទេវ 5:1-22 គខប

ព្រះ‌អម្ចាស់​អើយ សូម​នឹក​ដល់​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ សូម​ទត​មើល​ចុះ តើ​គេ​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ​ដល់​កម្រិត​ណា! ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស ផ្ទះ​របស់​យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​ជន​ដទៃ។ យើង​ខ្ញុំ​ធ្លាក់​ខ្លួន​ដូច​ក្មេង​កំព្រា គ្មាន​ឪពុក​ម្ដាយ យើង​ខ្ញុំ​រស់​នៅ​ដូច​ស្ត្រី​មេម៉ាយ។ យើង​ខ្ញុំ​ត្រូវ​បង់​ប្រាក់ ដើម្បី​ទិញ​ទឹក​របស់​យើង​ខ្ញុំ​ផ្ទាល់ ហើយ​ត្រូវ​បង់​ប្រាក់ ដើម្បី​ទិញ​អុស​របស់​យើង​ខ្ញុំ​ដែរ។ ពួក​អ្នក​ដែល​តាម​ប្រហារ​យើង​ខ្ញុំ ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​យើង​ខ្ញុំ​ជានិច្ច យើង​ខ្ញុំ​អស់​កម្លាំង តែ​គេ​មិន​ទុក​ឲ្យ​យើង​ខ្ញុំ​សម្រាក​ទេ។ យើង​ខ្ញុំ​លើក​ដៃ​អង្វរ​សុំ​ស្បៀង​ពី​ស្រុក​អេស៊ីប និង​ស្រុក​អាស្ស៊ីរី ដើម្បី​ចម្អែត​ក្រពះ។ ដូនតា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តែ​ពួក​គេ​ស្លាប់​អស់​ហើយ គឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោស ព្រោះ​តែ​កំហុស​ដែល​ដូនតា​បាន​ប្រព្រឹត្ត។ ពួក​ទាសករ​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំ ចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។ យើង​ខ្ញុំ​ប្រថុយ​ជីវិត ឆ្លង​កាត់​មុខ​ដាវ ដើម្បី​ទៅ​រក​ស្បៀង​អាហារ។ ដោយ​ឃ្លាន​ខ្លាំង​ពេក ស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។ សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន និង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា។ ពួក​គេ​ព្យួរ-ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។ គេ​ប្រើ​ឲ្យ​ពួក​យុវជន​លី​ត្បាល់​កិន គេ​ប្រើ​ក្មេង​ប្រុសៗ​ឲ្យ​លី​ឈើ​ដ៏​ធ្ងន់ រហូត​ដល់​ជំពប់​ជើង​ដួល។ ពួក​ព្រឹទ្ធា‌ចារ្យ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង ទៀត​ហើយ រីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។ អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំ យើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ​ជំនួស​ការ​រាំ​រែក យើង​ខ្ញុំ​បាត់​បង់​កិត្តិយស យើង​ខ្ញុំ​ត្រូវ​វេទនា ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប! ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោច‌ផ្សា យើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។ ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​ទៅ បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ អស់​មួយ​ជីវិត? ព្រះ‌អម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ នោះ​យើង​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញ សូម​ប្រទាន​អាយុ​ជីវិត​មក​យើង​ខ្ញុំ​សា​ជា​ថ្មី។ តើ​ព្រះអង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ ហួស​កម្រិត​បែប​នេះ​ឬ?