បរិទេវ 1:1-7

បរិទេវ 1:1-7 គខប

ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជា‌ជន​ច្រើន​កុះ‌ករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុងរឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រិយ៍​លើ​អាណា‌ខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី! នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្ត ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។ ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​នាង​ឡើយ មិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។ កុល‌សម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសី នាង​តែល‌តោល​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ រក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។ ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​នាង ធ្វើ​ឲ្យ​នាង​រក​ច្រក​ចេញ​ពុំ​រួច។ ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំ ដ្បិត​គ្មាន​នរណា​ឡើង​ទៅ ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។ ទ្វារ​ក្រុង​បាក់​បែក​អស់ បូជា‌ចារ្យ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរ ស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀម‌ក្រំ ហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។ បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាង ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនា ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង កូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យក ទៅ​ជា​ឈ្លើយ។ ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន ពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើស ដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។ ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំង នៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។ នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោល យេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរ ដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។ ពេល​ប្រជា‌ជន​របស់​នាង​ធ្លាក់ ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេ បច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអក ព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង បរិទេវ 1:1-7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ