បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំឭកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល ឲ្យចេញផុតពីស្រុកអេស៊ីបមក ព្រះអង្គបានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។ រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។ រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ ពួកទាំងនេះក៏ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេបានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង។ នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!»។ រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលឲ្យតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។ អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។ នៅពេលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះ គួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុកឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!។ លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញឲ្យមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដឹងកំហុសរបស់ខ្លួន ហើយឲ្យអ្នកបាបទាំងនោះដឹងអំពីពាក្យសម្ដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ»។ ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសម្ដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
អាន យូដាស 1
ស្ដាប់នូវ យូដាស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យូដាស 1:5-16
12 ថ្ងៃ
“តស៊ូដើម្បីសេចក្តីជំនឿ” នេះនិយាយអំពីសំបុត្រខ្លីៗប៉ុន្តែដោយផ្ទាល់ពីយូដាសទៅកាន់គ្រីស្ទបរិស័ទប្រឆាំងនឹងគ្រូក្លែងក្លាយដែលបានចូលព្រះវិហារដោយមិនបានកត់សម្គាល់។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយូដាស ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ