យ៉ូស្វេ 3:7-13
យ៉ូស្វេ 3:7-13 គខប
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងចាប់ផ្ដើមពង្រឹងអំណាចរបស់អ្នក ឲ្យជនជាតិអ៊ីស្រាអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសេកាលពីមុនដែរ។ រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមបូជាចារ្យ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្ដង”»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរមកនេះ ស្ដាប់ព្រះបន្ទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសិន»។ លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសម្គាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គពិតជាបណ្ដេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន គឺហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។ ឥឡូវនេះ ចូរជ្រើសរើសយកបុរសដប់ពីរនាក់ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ។ ពេលណាក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្ដុំគ្នានៅនឹងថ្កល់មួយកន្លែង»។

