ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមបូជាចារ្យលេវី*សែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរញែកខ្លួនឲ្យវិសុទ្ធ ដ្បិតថ្ងៃស្អែក ព្រះអម្ចាស់នឹងសម្តែងការអស្ចារ្យនៅកណ្ដាលចំណោមអ្នករាល់គ្នា»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អស់លោកបូជាចារ្យថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ឆ្លងទៅមុនប្រជាជនទៅ!»។ គេក៏សែងហិបឆ្លងទៅមុនប្រជាជន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងចាប់ផ្ដើមពង្រឹងអំណាចរបស់អ្នក ឲ្យជនជាតិអ៊ីស្រាអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសេកាលពីមុនដែរ។ រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមបូជាចារ្យ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្ដង”»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរមកនេះ ស្ដាប់ព្រះបន្ទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសិន»។ លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសម្គាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គពិតជាបណ្ដេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន គឺហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។ ឥឡូវនេះ ចូរជ្រើសរើសយកបុរសដប់ពីរនាក់ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ។ ពេលណាក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្ដុំគ្នានៅនឹងថ្កល់មួយកន្លែង»។ នៅគ្រាដែលប្រជាជនចាកចេញពីជំរំ បម្រុងនឹងឆ្លងទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រី នាំគ្នាដើរនៅខាងមុខប្រជាជន។ ពេលនោះ ជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្ដុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្ដុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំ ជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិល ត្រូវកាត់ផ្ដាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។ នៅពេលដែលប្រជាជនអ៊ីស្រាអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។
អាន យ៉ូស្វេ 3
ស្ដាប់នូវ យ៉ូស្វេ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 3:3-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ