យ៉ូស្វេ 1:12-18

យ៉ូស្វេ 1:12-18 គខប

បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ*​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖ «ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។ ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់‌អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បងប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ រហូត​ដល់​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​ឲ្យ​ពួក​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ពួក​គេ។ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​កាន់​កាប់​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចែក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។ ពួក​គេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​បង្គាប់​មក​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​គោរព​ធ្វើ​តាម​ទាំង​អស់។ លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​ទី​ណា យើង​ខ្ញុំ​នឹង​ទៅ​ទី​នោះ។ យើង​ខ្ញុំ​ធ្លាប់​ស្ដាប់​បង្គាប់​លោក​ម៉ូសេ​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្ដាប់​បង្គាប់​លោក​យ៉ាង​នោះ​ដែរ។ សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​គង់​នៅ​ជា​មួយ​លោក ដូច​ព្រះអង្គ​បាន​គង់​នៅ​ជា​មួយ​លោក​ម៉ូសេ​ដែរ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក​ទេ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​លោក​វិញ សូម​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូស្វេ 1:12-18

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ