យ៉ូស្វេ 1:1-5

យ៉ូស្វេ 1:1-5 គខប

ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖ «ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជា‌ជន​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ។ អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​ឲ្យ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ។ ទឹក​ដី​របស់​អ្នក​រាល់​គ្នា​នឹង​លាត​សន្ធឹង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​លីបង់ និង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត ដែល​ជា​ទន្លេ​ធំ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត​ទាំង​មូល។ ជា​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។