យ៉ូប 39:1-17

យ៉ូប 39:1-17 គខប

ពពែ​ព្រៃ​មាន​កូន​នៅ​ពេល​ណា តើ​អ្នក​ដឹង​ឬ​ទេ? តើ​អ្នក​ដែល​សង្កេត​ឃើញ ក្ដាន់​ញី​បង្កើត​កូន​ឬ​ទេ? តើ​អ្នក​បាន​រាប់​ចំនួន​ខែ​ដែល​វា​ផើម ហើយ​ដឹង​ពេល​ដែល​វា​ត្រូវ​បង្កើត​កូន​ឬ​ទេ? វា​ក្រាប​ចុះ រួច​បង្កើត​កូន​ចេញ​មក ហើយ​បាត់​ការ​ឈឺ​ចាប់។ កូន​របស់​វា​ក៏​មាន​កម្លាំង​មាំ‌មួន ហើយ​ចម្រើន​ធំ​ឡើង​នៅ​តាម​ទី​វាល រួច​ចាក​ចេញ​ពី​មេ​វា​ទៅ ឥត​វិល​ត្រឡប់​មក​វិញ​ឡើយ។ តើ​នរណា​ផ្ដល់​សេរី‌ភាព​ឲ្យ​លា​ព្រៃ ដោយ​ស្រាយ​ចំណង​របស់​វា? យើង​បាន​ឲ្យ​វា​រស់​នៅ​តាម​ព្រៃ​ល្បោះ ដី​ដែល​មាន​ជាតិ​ប្រៃ​ជា​លំ‌នៅ​របស់​វា។ វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូ‌អរ ហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណា ស្រែក​ដាក់​វា​ដែរ។ វា​រក​ស៊ី​នៅ​តាម​ដង​ភ្នំ វា​ស្វែង​រក​ស្លឹក​ឈើ​ខៀវ​ខ្ចី​មក​ធ្វើ​ជា​ចំណី។ តើ​គោ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ការ​បម្រើ​អ្នក ហើយ​ចង់​ដេក​នៅ​ក្នុង​ក្រោល​គោ​របស់​អ្នក​ឬ​ទេ? តើ​អ្នក​អាច​យក​ខ្សែ​មក​ចង​គោ​ព្រៃ បង្ខំ​វា​ឲ្យ​ភ្ជួរ​ស្រែ​បាន​ឬ​ទេ? តើ​វា​សុខ​ចិត្ត​អូស​រនាស់​ឲ្យ​អ្នក នៅ​តាម​ជ្រលង​ភ្នំ​ឬ​ទេ? តើ​អ្នក​អាច​ទុក​ចិត្ត​វា ព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា ហើយ​ចង់​ឲ្យ​វា​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន របស់​អ្នក​ឬ​ទេ? តើ​អ្នក​អាច​ទុក​ចិត្ត​វា​ឲ្យ​ដឹក​ស្រូវ យក​ទៅ​លាន​បោក​បែន ហើយ​នាំ​ភោគ‌ផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ? សត្វ​អូទ្រុសទទះ​ស្លាប​យ៉ាង​សង្ហា ក៏​ប៉ុន្តែ តើ​វា​អាច​ហើរ​ដូច​សត្វ​កុក​បាន​ឬ? វា​ពង​ចោល​នៅ​លើ​ដី ហើយ​បង្កប់​ពង​នោះ​ឲ្យ​ក្ដៅ​នៅ​ក្នុង​ខ្សាច់ ដោយ​ពុំ​នឹក​ស្មាន​ថា គេ​អាច​ដើរ​ពី​លើ ឬ​មាន​សត្វ​ព្រៃ​មក​ជាន់​កម្ទេច​ឡើយ។ វា​តឹង‌តែង​ជា​មួយ​កូន​របស់​វា ធ្វើ​ហាក់​ដូច​ជា​មិន​មែន​កូន​របស់​វា។ វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការ ក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញា ហើយ​គ្មាន​គំនិត​យោបល់។