មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់ ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ? អ្នកដឹកនាំរបស់យើងប្រហែលទទួលស្គាល់ថា លោកពិតជាព្រះគ្រិស្ត*ទេដឹង ប៉ុន្តែ ពេលព្រះគ្រិស្តយាងមក គ្មាននរណាដឹងថាព្រះអង្គយាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គសម្តែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គពុំទាន់បានមកដល់នៅឡើយ។ ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រិស្តយាងមក តើព្រះអង្គនឹងសម្តែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។ ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ*ឲ្យមកចាប់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះឡើយ»។ ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណាបានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ? គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះឡើយ” តើមានន័យដូចម្ដេច?»។ នៅថ្ងៃបញ្ចប់ពិធីបុណ្យជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិតចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។
អាន យ៉ូហាន 7
ស្ដាប់នូវ យ៉ូហាន 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 7:25-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ