យ៉ូហាន 6:30-40

យ៉ូហាន 6:30-40 គខប

គេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ? បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន* ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក” »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ* មក​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។ គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។ អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។