បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក” »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ* មកឲ្យអ្នករាល់គ្នា ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ”។ អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំ តែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំ ត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឲ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
អាន យ៉ូហាន 6
ស្ដាប់នូវ យ៉ូហាន 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 6:25-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ