យ៉ូហាន 4:35-42

យ៉ូហាន 4:35-42 គខប

អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សម្រាប់​ជីវិត​អស់‌កល្ប​ជានិច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា ស្រប​តាម​ពាក្យ​ចាស់​លោក​ថា: “ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។ ក្នុង​ភូមិ​នោះ មាន​អ្នក​ស្រុក​សាម៉ារី​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ ដោយ‌សារ​ពាក្យ​ដែល​ស្ត្រី​នោះ​បាន​បញ្ជាក់​ប្រាប់​ថា “លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត”។ ហេតុ​នេះ​ហើយ​បាន​ជា​កាល​ជន‌ជាតិ​សាម៉ារី​ទៅ​គាល់​ព្រះអង្គ គេ​អង្វរ​សូម​ព្រះអង្គ​គង់​នៅ​ជា​មួយ​គេ ព្រះអង្គ​យល់​ព្រម​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។ មាន​មនុស្ស​ច្រើន​ជាង​នោះ​ទៅ​ទៀត​បាន​ជឿ​លើ​ព្រះអង្គ ដោយ​បាន​ឮ​ព្រះ‌បន្ទូល​ព្រះអង្គ​ផ្ទាល់។ ពួក​គេ​និយាយ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​មែន»។