យ៉ូហាន 4:1-9

យ៉ូហាន 4:1-9 គខប

ព្រះ‌យេស៊ូ​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះអង្គ​មាន​សិស្ស*​ច្រើន​ជាង​លោក​យ៉ូហាន និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។ តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ​ផ្ទាល់​ព្រះអង្គ​ឡើយ គឺ​ពួក​សិស្ស​វិញ​ទេ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ហើយ​ត្រូវ​យាង​កាត់​តាម​ស្រុក​សាម៉ារី។ ព្រះអង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី​ឈ្មោះ ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​លោក​យ៉ូសែប​ជា​កូន។ នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះ‌យេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច»។ (សិស្ស​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។ ស្ត្រី​សាម៉ារី​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ​ជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។