យ៉ូហាន 4:1-30

យ៉ូហាន 4:1-30 គខប

ព្រះ‌យេស៊ូ​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះអង្គ​មាន​សិស្ស*​ច្រើន​ជាង​លោក​យ៉ូហាន និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។ តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ​ផ្ទាល់​ព្រះអង្គ​ឡើយ គឺ​ពួក​សិស្ស​វិញ​ទេ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ហើយ​ត្រូវ​យាង​កាត់​តាម​ស្រុក​សាម៉ារី។ ព្រះអង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី​ឈ្មោះ ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​លោក​យ៉ូសែប​ជា​កូន។ នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះ‌យេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច»។ (សិស្ស​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។ ស្ត្រី​សាម៉ារី​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ​ជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​នាង​ស្គាល់​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​អ្នក​ដែល​និយាយ​ទៅ​កាន់​នាង​ថា “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច” នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​លោក​វិញ​ពុំ‌ខាន ហើយ​លោក​នឹង​ឲ្យ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត» ។ នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទឹក​សោះ រីឯ​អណ្ដូង​សោត​ក៏​ជ្រៅ​ទៀត​ផង តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក? តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វបុរស*​របស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​ឲ្យ​យើង​ឬ? លោក​យ៉ាកុប និង​កូន​ចៅ​របស់​លោក​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​លោក​ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «អស់​អ្នក​ដែល​ពិសា​ទឹក​នេះ​នៅ​តែ​ស្រេក​ត​ទៅ​មុខ​ទៀត រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឲ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​ឲ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! សូម​មេត្តា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក និង​កុំ​ឲ្យ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ហៅ​ប្ដី​នាង រួច​ត្រឡប់​មក​វិញ»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ​ត្រូវ​មែន ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន​មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។ នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ព្យាការី*​មែន។ បុព្វបុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ជា​សាសន៍​យូដា​តែង​និយាយ​ថា ត្រូវ​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន​មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​ទេ រីឯ​យើង​វិញ យើង​ស្គាល់​ព្រះអង្គ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​ការ​សង្គ្រោះ​ចេញ​មក​ពី​ជន‌ជាតិ​យូដា។ ប៉ុន្តែ ដល់​ពេល​កំណត់ គឺ​ឥឡូវ​ហ្នឹង​ហើយ អ្នក​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត ដ្បិត​ព្រះ‌បិតា​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ថ្វាយ‌បង្គំ​បែប​នេះ​ឯង។ ព្រះ‌ជាម្ចាស់​ជា​វិញ្ញាណ ហេតុ​នេះ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះអង្គ​ត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មេស្ស៊ី​ហៅ​ព្រះ‌គ្រិស្ត*​នឹង​យាង​មក។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។ ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​ព្រះអង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះអង្គ​ថា ព្រះអង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។ ស្ត្រី​នោះ​ទុក​ក្អម​ចោល រត់​ចូល​ទៅ​ក្នុង​ភូមិ ប្រាប់​អ្នក​ស្រុក​ថា៖ «សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ លោក​នោះ​ជា​ព្រះ‌គ្រិស្ត​ហើយ​មើល​ទៅ!»។ អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​ព្រះ‌យេស៊ូ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ