ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសិស្ស*ច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។ ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារីឈ្មោះ ភូមិស៊ូខារ នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឲ្យលោកយ៉ូសែបជាកូន។ នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។ (សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។ នាងទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក? តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរស*របស់យើង ដែលបានទុកអណ្ដូងនេះឲ្យយើងឬ? លោកយ៉ាកុប និងកូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្ដូងនេះដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះនៅតែស្រេកតទៅមុខទៀត រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
អាន យ៉ូហាន 4
ស្ដាប់នូវ យ៉ូហាន 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 4:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ