យ៉ូហាន 2:1-11

យ៉ូហាន 2:1-11 គខប

បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ មាតា​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​បាន​យាង​ព្រះ‌យេស៊ូ និង​អញ្ជើញ​ពួក​សិស្ស*​របស់​ព្រះអង្គ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។ ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំង‌បាយជូរ។ មាតា​ព្រះ‌យេស៊ូ​ទូល​ព្រះអង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង‌បាយជូរ​ហើយ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ! កុំ​រវល់​នឹង​រឿង​នេះ​អី ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ មាតា​របស់​ព្រះអង្គ​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។ នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អម្រែក។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​បម្រើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅ‌មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ លោក​ចៅ‌មហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង‌បាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បម្រើ​ដែល​បាន​ដង​ទឹក​មក​ចាក់​ពាង​ទើប​ដឹង។ គាត់​ហៅ​កូន​កំលោះ​មក និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំង‌បាយជូរ​ឆ្ងាញ់​មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។ នេះ​ជា​ទី​សម្គាល់​ដំបូង​បង្អស់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​ព្រះអង្គ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ