ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា” គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។ ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ ពួកនាយកបូជាចារ្យ*របស់ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា” វិញ»។ លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។ ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖ «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ» ។ មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ព្រះយេស៊ូឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។ បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ*ឡើយ ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។ លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសិស្សនោះនិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាជឿដែរ។ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ» ។ មានអត្ថបទគម្ពីរមួយទៀតចែងថា៖ «គេនាំគ្នាមើលអ្នកដែលគេចាក់ទម្លុះ» ។ បន្ទាប់មក លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេ បានទៅសុំច្បាប់លោកពីឡាត យកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះក៏ជាសិស្ស*របស់ព្រះយេស៊ូដែរ តែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឲ្យ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។ រីឯលោកនីកូដេម ដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូប ប្រមាណជាកន្លះហាបមកផង។ លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង*។
អាន យ៉ូហាន 19
ស្ដាប់នូវ យ៉ូហាន 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 19:17-42
10 Days
Let’s slow down this Holy Week and learn from Christ’s final days on earth. Each day we will receive lessons or gifts that He took the time to give. Do you need a fresh reminder of what mattered most to Christ—that you love His people and follow Him? What could He want to teach you this Holy Week?
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ