យ៉ូហាន 18:1-23

យ៉ូហាន 18:1-23 គខប

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះអង្គ​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សិស្ស*។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សិស្ស។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ជា​កន្លែង​ដែល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្លាប់​ជួប‌ជុំ​គ្នា​ជា​ញឹក‌ញាប់។ ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​ដល់​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ទៅ​មុខ មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ” ដូច្នេះ គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់‌ផ្ងារ​ទាំង​អស់​គ្នា។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ទូល​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​មក​ថា «“អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ឥត​មាន​នរណា​ម្នាក់​ត្រូវ​វិនាស​ឡើយ”»។ លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​អ្នក​មិន​ចង់​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។ ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ*​របស់​ជន‌ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ ហើយ​ចង​ព្រះអង្គ។ គេ​នាំ​ព្រះអង្គ​ទៅ​ជួប​លោក​អាណ​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផា ដែល​កាន់​តំណែង​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ គឺ​លោក​កៃផា​នេះ​ហើយ ដែល​បាន​ឲ្យ​យោបល់​ទៅ​ជន‌ជាតិ​យូដា​ថា “គួរ​ឲ្យ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ”។ លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​ព្រះ‌យេស៊ូ​ជា​មួយ​សិស្ស*​ម្នាក់​ទៀត លោក​មហា​បូជា‌ចារ្យ​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​ព្រះ‌យេស៊ូ ទៅ​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ រីឯ​លោក​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​លោក​មហា​បូជា‌ចារ្យ​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់ ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។ ស្ត្រី​បម្រើ​ជា​អ្នក​យាម​ទ្វារ​និយាយ​ទៅ​កាន់​លោក​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​តប​ថា៖ «ទេ! មិន​មែន​ទេ!»។ ពួក​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ និង​កង​រក្សា​ព្រះ‌វិហារ​នាំ​គ្នា​បង្កាត់​ភ្លើង​អាំង ព្រោះ​ពេល​នោះ​រងា​ណាស់។ លោក​ពេត្រុស​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ។ លោក​មហា​បូជា‌ចារ្យ*​សួរ​ព្រះ‌យេស៊ូ​អំពី​ពួក​សិស្ស*​របស់​ព្រះអង្គ និង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ​ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ក្នុង​ព្រះ‌វិហារ* ជា​កន្លែង​ដែល​ជន‌ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។ ពេល​ឮ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ព្រះ‌វិហារ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​ព្រះអង្គ ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​លោក​មហា​បូជា‌ចារ្យ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។