យ៉ូហាន 16:4-15

យ៉ូហាន 16:4-15 គខប

ខ្ញុំ​និយាយ​សេចក្ដី​នេះ​ប្រាប់​អ្នក​រាល់​គ្នា លុះ​ដល់​ពេល​កំណត់ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ។ កាល​ពី​មុន ខ្ញុំ​មិន​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ពី‌ព្រោះ​កាល​ណោះ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ»។ «ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា“តើ​លោក​អញ្ជើញ​ទៅ​ណា”​ឡើយ។ ពេល​ឮ​ខ្ញុំ​និយាយ​ដូច្នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា បើ​ខ្ញុំ​ទៅ ទើប​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ដ៏​ជួយ​ការ‌ពារ ​មិន​យាង​មក​រក​អ្នក​រាល់​គ្នា​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប* អំពី​សេចក្ដី​សុចរិត* និង​អំពី​ការ​កាត់​ទោស។ គេ​យល់​ខុស​អំពី​បាប ព្រោះ​គេ​មិន​ជឿ​លើ​ខ្ញុំ អំពី​សេចក្ដី​សុចរិត ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ អំពី​ការ​កាត់​ទោស ព្រោះ​ចៅហ្វាយ​របស់​មនុស្ស​លោក​នេះ​បាន​ទទួល​ទោស​រួច​ហើយ។ ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​នៅ​ពេល​នេះ​ទេ។ កាល​ណា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ចំពូក ដ្បិត​សេចក្ដី​ផ្សេងៗ​ដែល​ព្រះអង្គ​ថ្លែង មិន​ចេញ​មក​ពី​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ឮ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង។ ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​របស់​ខ្ញុំ ព្រោះ​ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ យក​មក​ប្រាប់​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​ព្រះ‌បិតា​មាន​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​របស់​ខ្ញុំ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ​យក​មក​ប្រាប់​អ្នក​រាល់​គ្នា»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ