យ៉ូហាន 16:20-24

យ៉ូហាន 16:20-24 គខប

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្តែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។ ពេល​ស្ត្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សម្រាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ត ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​លែង​សួរ​អ្វី​ពី​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះអង្គ​មុខ​ជា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន។ មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​ទូល​សូម​អ្វី​ក្នុង​នាម​ខ្ញុំ​ទេ ចូរ​ទូល​សូម​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ពេញ​លក្ខណៈ»។