ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស*។ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ“មេស្ស៊ី”នេះ ប្រែថា“ព្រះគ្រិស្ត”)។ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស”នេះ ប្រែថា ពេត្រុស*)»។ លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និងលោកពេត្រុសដែរ។ លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «ព្រះអង្គដែលលោកម៉ូសេបានចារទុកក្នុងគម្ពីរវិន័យ ហើយគម្ពីរព្យាការីក៏មានចែងទុកដែរនោះ ឥឡូវនេះ យើងបានជួបហើយ ព្រះអង្គមាននាមថា យេស៊ូ ជាអ្នកភូមិណាសារ៉ែតជាបុត្ររបស់លោកយ៉ូសែប»។ លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតឡើយ»។
អាន យ៉ូហាន 1
ស្ដាប់នូវ យ៉ូហាន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 1:35-46
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ