យ៉ូហាន 1:1-34

យ៉ូហាន 1:1-34 គខប

កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌បន្ទូល មាន​ព្រះ‌ជន្ម​គង់​នៅ។ ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌បន្ទូល​ជា​ព្រះ‌ជាម្ចាស់។ ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ​ព្រះ‌ជាម្ចាស់ កាល​ពី​ដើម​ដំបូង​បង្អស់។ អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​ព្រះអង្គ​បង្កើត​នោះ​ឡើយ។ ព្រះ‌បន្ទូល​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។ ពន្លឺ​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​ពុំ​បាន​ទទួល​ពន្លឺ​ទេ ។ ព្រះ‌ជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន​ឲ្យ​មក។ លោក​បាន​មក​ធ្វើ​ជា​បន្ទាល់​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ជឿ​ដោយ‌សារ​លោក។ លោក​យ៉ូហាន​មិន​មែន​ជា​ពន្លឺ​ទេ គឺ​លោក​គ្រាន់​តែ​មក​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ​ប៉ុណ្ណោះ។ ព្រះ‌បន្ទូល​ជា​ពន្លឺ​ដ៏​ពិត​ប្រាកដ​តែ​មួយ ដែល​មក​ក្នុង​ពិភព​លោក ហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​រូប។ ព្រះ‌បន្ទូល​បាន​គង់​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​ព្រះអង្គ ប៉ុន្តែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​ព្រះអង្គ​ទេ។ ព្រះ‌បន្ទូល​បាន​យាង​មក​គង់​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ តែ​ប្រជា‌រាស្ត្រ​នោះ​ពុំ​បាន​ទទួល​ព្រះអង្គ​ឡើយ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះអង្គ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះ‌ជាម្ចាស់​វិញ។ ព្រះ‌បន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ ក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះអង្គ ជា​សិរី‌រុងរឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌គុណ និង​សេចក្ដី​ពិត។ លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ ដោយ​ប្រកាស​ថា៖ «គឺ​លោក​នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា “អ្នក​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”»។ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ*​តាម​រយៈ​លោក​ម៉ូសេ ហើយ​ព្រះ‌គុណ និង​សេចក្ដី​ពិត តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។ ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌ជាម្ចាស់​ឡើយ មាន​តែ​ព្រះ‌បុត្រា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដ្បិត​ព្រះ‌បុត្រា​មាន​ព្រះ‌ជន្ម​រួម​ជា​មួយ​ព្រះ‌បិតា ។ ជន‌ជាតិ​យូដា​ចាត់​ពួក​បូជា‌ចារ្យ* និង​ពួក​លេវី* ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជួប​លោក​យ៉ូហាន ដើម្បី​សួរ​ថា៖ «លោក​ជា​នរណា?»។ លោក​យ៉ូហាន​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់‌លៀម​អ្វី​ឡើយ គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ត*​ទេ»។ ពួក​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​លោក​ជា​នរណា? តើ​លោក​ជា​ព្យាការី​អេលីយ៉ា​ឬ?» ។ លោក​ឆ្លើយ​ថា៖ «ទេ មិន​មែន​ទេ!»។ គេ​ក៏​សួរ​ទៀត​ថា៖ «តើ​លោក​ជា​ព្យាការី*​ដែល​យើង​រង់‌ចាំ ​នោះ​ឬ?»។ លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។ គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយ​យក​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​យើង​ខ្ញុំ​ឲ្យ​មក តើ​លោក​ថា​ខ្លួន​លោក​ជា​នរណា!»។ លោក​យ៉ូហាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក នៅ​វាល​រហោ‌ស្ថាន*​ថា: “ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់” ត្រូវ​នឹង​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​មក»។ អ្នក​ដែល​គេ​ចាត់​ឲ្យ​មក​នោះ​ជា​ពួក​ខាង​គណៈ​ផារីស៊ី*។ គេ​សួរ​លោក​យ៉ូហាន​ទៀត​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រិស្ត មិន​មែន​ជា​ព្យាការី​អេលីយ៉ា ហើយ​ក៏​មិន​មែន​ជា​ព្យាការី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ដូច្នេះ?»។ លោក​យ៉ូហាន​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក​មែន ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ លោក​មក​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។ ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ភូមិ​បេតថា‌នី ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*។ នៅ​ថ្ងៃ​បន្ទាប់ លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូ​យាង​តម្រង់​មក​រក​លោក រួច​លោក​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក គឺ​លោក​នេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”។ កាល​ពី​ដើម ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​របស់​លោក​ទេ ប៉ុន្តែ ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក* ដើម្បី​ឲ្យ​លោក​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ស្គាល់»។ លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ* ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​លោក។ ពី​មុន ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​លោក​ទេ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*”។ ខ្ញុំ​បាន​ឃើញ​ដូច្នោះ​មែន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា លោក​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 1:1-34

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ