យេរេមា 51:15-46

យេរេមា 51:15-46 គខប

ព្រះ‌អម្ចាស់​បាន​សូន​ផែនដី ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះអង្គ ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ លែង​យល់​អ្វី​សោះ ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​បាន​ឆ្លាក់​រូប​ព្រះ​ឥត​បាន​ការ​ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។ ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ ជា​របស់​គួរ​ឲ្យ​មើល‌ងាយ ដែល​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស។ រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ មិន​ដូច្នោះ​ទេ គឺ​ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ «បាប៊ី‌ឡូន​អើយ កាល​ពី​មុន អ្នក​ប្រៀប​បាន​នឹង​ញញួរ ជា​គ្រឿង​សស្ត្រា‌វុធ យើង​បាន​ប្រើ​អ្នក សម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានា និង​កម្ទេច​នគរ​ទាំង‌ឡាយ។ យើង​បាន​ប្រើ​អ្នក​សម្រាប់​កម្ទេច​សេះ និង​ទាហាន​ដែល​ជិះ​នៅ​លើ​វា យើង​បាន​ប្រើ​អ្នក សម្រាប់​កម្ទេច រទេះ​ចម្បាំង និង​អ្នក​បរ​វា។ យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​មនុស្ស​ប្រុស​ស្រី យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗ យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​យុវជន​យុវ‌នារី យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​គង្វាល និង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែ និង​គោ​ដែល​គេ​ទឹម យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​ចៅហ្វាយ​ខេត្ត និង​ទេសា‌ភិបាល។ យើង​នឹង​សង​ទៅ​ក្រុង​បាប៊ី‌ឡូន និង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើ ឃោរ‌ឃៅ​ដែល​គេ​បាន​ប្រព្រឹត្ត ចំពោះ​ក្រុង​ស៊ីយ៉ូន ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បាប៊ី‌ឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នក អ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កម្ទេច ផែនដី​ទាំង​មូល - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។ គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃ ឬ​ថ្ម​សម្រាប់​ធ្វើ​ជា​សសរ ចេញ​ពី​អ្នក​ទៀត​ឡើយ ដ្បិត​អ្នក​ត្រូវ​វិនាស​ហិន‌ហោច​រហូត​ត​ទៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ! ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ! ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ! ចូរ​ហៅ​នគរ​ទាំង‌ឡាយ គឺ​នគរ​អារ៉ា‌រ៉ាត មិនី និង​អ័ស‌ក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ! ចូរ​តែង‌តាំង​ឲ្យ​មាន​អ្នក​កេណ្ឌ​ទ័ព ចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះ‌ករ​ដូច​កណ្ដូប! ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ ដោយ​រួម​ជា​មួយ​ស្ដេច​ស្រុក​មេឌី ព្រម​ទាំង​ពួក​ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​នគរ​ចំណុះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ ផែនដី​កក្រើក​រំពើក និង​ញាប់‌ញ័រ នៅ​ពេល ដែល​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ី‌ឡូន តាម​គម្រោង‌ការ​របស់​ព្រះអង្គ គឺ​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​មនុស្ស​រស់​នៅ។ ពួក​ទាហាន​ដ៏​ពូកែ​របស់​ស្រុក​បាប៊ី‌ឡូន ឈប់​ច្បាំង ហើយ​សម្ងំ​នៅ​ក្នុង​បន្ទាយ។ ពួក​គេ​បាត់​បង់​សេចក្ដី​ក្លា‌ហាន ធ្លាក់​ខ្លួន​ខ្សោយ​ដូច​មនុស្ស​ស្រី។ ខ្មាំង​សត្រូវ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ ហើយ​កម្ទេច​រនុក​ទ្វារ​របស់​ពួក​គេ​ចោល​ដែរ។ អ្នក​រត់​នាំ​គ្នា​រត់​បណ្ដាក់​គ្នា អ្នក​នាំ​សារ​ក៏​នាំ​ដំណឹង​តៗ​គ្នា ដើម្បី​ទៅ​ទូល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ថា: សត្រូវ​វាយ​យក​បាន​ទីក្រុង ពី​ជាយ​ម្ខាង ទៅ​ជាយ​ម្ខាង​ទៀត។ សត្រូវ​កាន់​កាប់​ផ្លូវ​ទឹក​ទាំង‌ឡាយ ព្រម​ទាំង​ដុត​កម្ទេច​បន្ទាយ​ផង ទាហាន​បាប៊ី‌ឡូន​នាំ​គ្នា​ធ្លាក់​ទឹក​ចិត្ត»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវ នៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់ ក្រុង​នេះ​ហើយ!»។ ក្រុង​ស៊ីយ៉ូន​ពោល​ថា: នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លេប និង​កម្ទេច​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារ ស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំ ស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំ រួច​ខ្ជាក់​ខ្ញុំ​ចោល។ អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថា សូម​ឲ្យ​ពួក​បាប៊ី‌ឡូន​រង​នូវ​អំពើ​ឃោរ‌ឃៅ ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។ អ្នក​ក្រុង​យេរូ‌សាឡឹម​ពោល​ថា សូម​ឲ្យ​ពួក​ខាល់ដេ​ទទួល​ទោស ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖ «យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក យើង​នឹង​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូន ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។ ក្រុង​បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ឯ​ទៀតៗ ស្រឡាំង‌កាំង និង​ព្រឺ​សម្បុរ ជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។ ជន‌ជាតិ​បាប៊ី‌ឡូន​នាំ​គ្នា​គ្រហឹម​ដូច​កូន​សិង្ហ និង​ដូច​សិង្ហ​ស្ទាវ ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កម្រិត​ហើយ យើង​នឹង​រៀបចំ​ជប់‌លៀង​ឲ្យ​ពួក​គេ យើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹង ទាល់​តែ​លេលា ហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្ត‌ឃាត ដូច​ពពែ និង​ចៀម។ ម្ដេច​ក៏​ក្រុង​សេសាក ដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើង ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ! ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​បែប​នេះ! សមុទ្រ​ជន់​លិច​ស្រុក​បាប៊ី‌ឡូន ហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ! ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​បាប៊ី‌ឡូន ត្រូវ​វិនាស​អន្តរាយ ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ហួត‌ហែង និង​ព្រៃ​ល្បោះ ជា​ស្រុក​ដែល​គ្មាន​នរណា​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ដែរ។ យើង​នឹង​ដាក់​ទោស​បាល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​បាប៊ី‌ឡូន អ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះ យើង​នឹង​ទាញ​ចេញ​មក​វិញ ប្រជា‌ជាតិ​ទាំង‌ឡាយ​លែង​លើក​គ្នា ទៅ​រក​ព្រះ​នោះ​ទៀត​ហើយ រីឯ​កំពែង​ក្រុង​បាប៊ី‌ឡូន​ក៏​រលំ​ដែរ។ ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ី‌ឡូន ម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុ គេច​ឲ្យ​ផុត​ពី​កំហឹង​របស់​យើង ចំពោះ​ក្រុង​នេះ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​ភ័យ​ខ្លាច ដោយ​ឮ​ពាក្យ​ចចាម‌អារ៉ាម​ដែល​គេ​និយាយ ក្នុង​ស្រុក​នោះ​ឡើយ! ដ្បិត​ឆ្នាំ​នេះ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ ឆ្នាំ​ក្រោយ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ​ទៀត អំពើ​ហិង្សា​នឹង​កើត​មាន​នៅ​ក្នុង​ស្រុក ហើយ​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​នឹង​ដណ្ដើម អំណាច​តៗ​គ្នា។