យេរេមា 51:1-64

យេរេមា 51:1-64 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ បក់​បោក​បំផ្លាញ​ក្រុង​បាប៊ី‌ឡូន និង​ប្រជា‌ជន​នៅ​ក្រុង​នោះ។ យើង​នឹង​ប្រើ​គេ​ឲ្យ​មក​រែង​ក្រុង​បាប៊ី‌ឡូន ដូច​គេ​រែង​អង្ករ។ អ្នក​ទាំង​នេះ​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ស្រុក ពួក​គេ​មក​ពី​គ្រប់​ទិស‌ទី វាយ​លុក​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ដ៏​សែន​វេទនា​នោះ។ កុំ​ត្រា​ប្រណី​ទាហាន​បាញ់​ព្រួញ និង​អ្នក​ពាក់​អាវ‌ក្រោះ ដែល​ពើង​ទ្រូង! កុំ​ត្រា​ប្រណី​យុវជន​របស់​ពួក​គេ! ចូរ​បំផ្លាញ​កង‌ទ័ព​ទាំង​មូល​របស់​ពួក​គេ ចោល​ទៅ!»។ ពួក​គេ​ដួល​ស្លាប់​នៅ​ក្នុង​ស្រុក​ខាល់ដេ អ្នក​ដែល​គេ​ចាក់​ទម្លុះ ត្រូវ​ស្លាប់​នៅ​តាម​ដង​ផ្លូវ ក្នុង​ក្រុង​បាប៊ី‌ឡូន ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពាស‌ពេញ​ក្នុង​ស្រុក។ ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា ទ្រង់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​ឡើយ។ ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ទៅ! ម្នាក់ៗ​រត់​ប្រាស​អាយុ! មិន​គួរ​ទុក​ឲ្យ​ខ្លួន​វិនាស​សូន្យ ព្រោះ​តែ​កំហុស​របស់​ក្រុង​នេះ​ឡើយ! ដ្បិត​ពេល​នេះ​ជា​ពេល​ដែល​ព្រះ‌អម្ចាស់​សង‌សឹក ព្រះអង្គ​សង​ទៅ​ជន‌ជាតិ​បាប៊ី‌ឡូន​វិញ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត! ពី​មុន បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ជា​ពែង​ដែល​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ ហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។ រំពេច​នោះ ស្រាប់​តែ​បាប៊ី‌ឡូន​ធ្លាក់​ចុះ ហើយ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់! ចូរ​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​នេះ ចូរ​យក​ថ្នាំ​មក​ព្យាបាល​ស្នាម​របួស​របស់​វា ប្រហែល​ជា​វា​អាច​ជា​ឡើង​វិញ​បាន។ ពួក​យើង​ខិត‌ខំ​ព្យាបាល​បាប៊ី‌ឡូន​ដែរ តែ​វា​ពុំ​អាច​ជា​សះ‌ស្បើយ​បាន​ទេ។ ដូច្នេះ ចូរ​បោះ​បង់​ចោល​ក្រុង​នេះ ហើយ​វិល​ទៅ​ស្រុក​របស់​យើង​រៀងៗ​ខ្លួន​វិញ ដ្បិត​ទោស​របស់​ក្រុង​នេះ​មាន​ទំហំ​ធំ​ជាង ផ្ទៃ​មេឃ និង​អាកាស‌វេហាស៍​ទៅ​ទៀត។ ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​ពួក​យើង។ មក! យើង​នាំ​គ្នា​រៀប​រាប់​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ ចូរ​សម្រួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់ ព្រះ‌អម្ចាស់​មាន​គម្រោង‌ការ​កម្ទេច​ក្រុង​បាប៊ី‌ឡូន ហេតុ​នេះ​បាន​ជា​ព្រះអង្គ​ជំរុញ ស្ដេច​ស្រុក​មេឌី​ឲ្យ​សម្រេច​ការ​នេះ ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​ពួក​គេ​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះអង្គ! ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ី‌ឡូន ចូរ​បន្ថែម​កង​យាម‌ល្បាត ចូរ​ដាក់​អ្នក​យាម​ឲ្យ​ឃ្លាំ​មើល ចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់ ដ្បិត​ព្រះ‌អម្ចាស់​សម្រេច​តាម​ផែន‌ការ ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រឆាំង នឹង​អ្នក​ក្រុង​បាប៊ី‌ឡូន។ អ្នក​រស់​នៅ​តាម​មាត់​ទន្លេ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន អ្នក​មាន​ចិត្ត​លោភ‌លន់ តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះអង្គ​ផ្ទាល់​ថា៖ «យើង​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូប មក​វាយ​លុក​អ្នក ពួក​គេ​ស្រែក​យក​ជ័យ‌ជម្នះ​លើ​អ្នក»។ ព្រះ‌អម្ចាស់​បាន​សូន​ផែនដី ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះអង្គ ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ លែង​យល់​អ្វី​សោះ ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​បាន​ឆ្លាក់​រូប​ព្រះ​ឥត​បាន​ការ​ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។ ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ ជា​របស់​គួរ​ឲ្យ​មើល‌ងាយ ដែល​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស។ រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ មិន​ដូច្នោះ​ទេ គឺ​ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ «បាប៊ី‌ឡូន​អើយ កាល​ពី​មុន អ្នក​ប្រៀប​បាន​នឹង​ញញួរ ជា​គ្រឿង​សស្ត្រា‌វុធ យើង​បាន​ប្រើ​អ្នក សម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានា និង​កម្ទេច​នគរ​ទាំង‌ឡាយ។ យើង​បាន​ប្រើ​អ្នក​សម្រាប់​កម្ទេច​សេះ និង​ទាហាន​ដែល​ជិះ​នៅ​លើ​វា យើង​បាន​ប្រើ​អ្នក សម្រាប់​កម្ទេច រទេះ​ចម្បាំង និង​អ្នក​បរ​វា។ យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​មនុស្ស​ប្រុស​ស្រី យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗ យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​យុវជន​យុវ‌នារី យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​គង្វាល និង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែ និង​គោ​ដែល​គេ​ទឹម យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​ចៅហ្វាយ​ខេត្ត និង​ទេសា‌ភិបាល។ យើង​នឹង​សង​ទៅ​ក្រុង​បាប៊ី‌ឡូន និង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើ ឃោរ‌ឃៅ​ដែល​គេ​បាន​ប្រព្រឹត្ត ចំពោះ​ក្រុង​ស៊ីយ៉ូន ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បាប៊ី‌ឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នក អ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កម្ទេច ផែនដី​ទាំង​មូល - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។ គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃ ឬ​ថ្ម​សម្រាប់​ធ្វើ​ជា​សសរ ចេញ​ពី​អ្នក​ទៀត​ឡើយ ដ្បិត​អ្នក​ត្រូវ​វិនាស​ហិន‌ហោច​រហូត​ត​ទៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ! ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ! ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ! ចូរ​ហៅ​នគរ​ទាំង‌ឡាយ គឺ​នគរ​អារ៉ា‌រ៉ាត មិនី និង​អ័ស‌ក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ! ចូរ​តែង‌តាំង​ឲ្យ​មាន​អ្នក​កេណ្ឌ​ទ័ព ចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះ‌ករ​ដូច​កណ្ដូប! ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ ដោយ​រួម​ជា​មួយ​ស្ដេច​ស្រុក​មេឌី ព្រម​ទាំង​ពួក​ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​នគរ​ចំណុះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ ផែនដី​កក្រើក​រំពើក និង​ញាប់‌ញ័រ នៅ​ពេល ដែល​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ី‌ឡូន តាម​គម្រោង‌ការ​របស់​ព្រះអង្គ គឺ​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​មនុស្ស​រស់​នៅ។ ពួក​ទាហាន​ដ៏​ពូកែ​របស់​ស្រុក​បាប៊ី‌ឡូន ឈប់​ច្បាំង ហើយ​សម្ងំ​នៅ​ក្នុង​បន្ទាយ។ ពួក​គេ​បាត់​បង់​សេចក្ដី​ក្លា‌ហាន ធ្លាក់​ខ្លួន​ខ្សោយ​ដូច​មនុស្ស​ស្រី។ ខ្មាំង​សត្រូវ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ ហើយ​កម្ទេច​រនុក​ទ្វារ​របស់​ពួក​គេ​ចោល​ដែរ។ អ្នក​រត់​នាំ​គ្នា​រត់​បណ្ដាក់​គ្នា អ្នក​នាំ​សារ​ក៏​នាំ​ដំណឹង​តៗ​គ្នា ដើម្បី​ទៅ​ទូល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ថា: សត្រូវ​វាយ​យក​បាន​ទីក្រុង ពី​ជាយ​ម្ខាង ទៅ​ជាយ​ម្ខាង​ទៀត។ សត្រូវ​កាន់​កាប់​ផ្លូវ​ទឹក​ទាំង‌ឡាយ ព្រម​ទាំង​ដុត​កម្ទេច​បន្ទាយ​ផង ទាហាន​បាប៊ី‌ឡូន​នាំ​គ្នា​ធ្លាក់​ទឹក​ចិត្ត»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវ នៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់ ក្រុង​នេះ​ហើយ!»។ ក្រុង​ស៊ីយ៉ូន​ពោល​ថា: នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លេប និង​កម្ទេច​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារ ស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំ ស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំ រួច​ខ្ជាក់​ខ្ញុំ​ចោល។ អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថា សូម​ឲ្យ​ពួក​បាប៊ី‌ឡូន​រង​នូវ​អំពើ​ឃោរ‌ឃៅ ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។ អ្នក​ក្រុង​យេរូ‌សាឡឹម​ពោល​ថា សូម​ឲ្យ​ពួក​ខាល់ដេ​ទទួល​ទោស ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖ «យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក យើង​នឹង​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូន ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។ ក្រុង​បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ឯ​ទៀតៗ ស្រឡាំង‌កាំង និង​ព្រឺ​សម្បុរ ជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។ ជន‌ជាតិ​បាប៊ី‌ឡូន​នាំ​គ្នា​គ្រហឹម​ដូច​កូន​សិង្ហ និង​ដូច​សិង្ហ​ស្ទាវ ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កម្រិត​ហើយ យើង​នឹង​រៀបចំ​ជប់‌លៀង​ឲ្យ​ពួក​គេ យើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹង ទាល់​តែ​លេលា ហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្ត‌ឃាត ដូច​ពពែ និង​ចៀម។ ម្ដេច​ក៏​ក្រុង​សេសាក ដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើង ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ! ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​បែប​នេះ! សមុទ្រ​ជន់​លិច​ស្រុក​បាប៊ី‌ឡូន ហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ! ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​បាប៊ី‌ឡូន ត្រូវ​វិនាស​អន្តរាយ ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ហួត‌ហែង និង​ព្រៃ​ល្បោះ ជា​ស្រុក​ដែល​គ្មាន​នរណា​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ដែរ។ យើង​នឹង​ដាក់​ទោស​បាល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​បាប៊ី‌ឡូន អ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះ យើង​នឹង​ទាញ​ចេញ​មក​វិញ ប្រជា‌ជាតិ​ទាំង‌ឡាយ​លែង​លើក​គ្នា ទៅ​រក​ព្រះ​នោះ​ទៀត​ហើយ រីឯ​កំពែង​ក្រុង​បាប៊ី‌ឡូន​ក៏​រលំ​ដែរ។ ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ី‌ឡូន ម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុ គេច​ឲ្យ​ផុត​ពី​កំហឹង​របស់​យើង ចំពោះ​ក្រុង​នេះ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​ភ័យ​ខ្លាច ដោយ​ឮ​ពាក្យ​ចចាម‌អារ៉ាម​ដែល​គេ​និយាយ ក្នុង​ស្រុក​នោះ​ឡើយ! ដ្បិត​ឆ្នាំ​នេះ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ ឆ្នាំ​ក្រោយ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ​ទៀត អំពើ​ហិង្សា​នឹង​កើត​មាន​នៅ​ក្នុង​ស្រុក ហើយ​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​នឹង​ដណ្ដើម អំណាច​តៗ​គ្នា។ ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ របស់​ស្រុក​បាប៊ី‌ឡូន ស្រុក​នោះ​ទាំង​មូល​នឹង​ត្រូវ​អាម៉ាស់ ហើយ​នឹង​មាន​មនុស្ស​ដួល​ស្លាប់​ដោយ​មុខ​ដាវ ពាស‌ពេញ​ក្នុង​ទីក្រុង។ អ្វីៗ​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ដោយ​បាប៊ី‌ឡូន​រលំ ដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើង មក​បំផ្លាញ​ក្រុង​នេះ!» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បាប៊ី‌ឡូន​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន នៅ​លើ​ផែនដី​ទាំង​មូល​បាត់​បង់​ជីវិត ឥឡូវ​នេះ បាប៊ី‌ឡូន​ក៏​ត្រូវ​បាត់​បង់​ជីវិត​ដែរ ព្រោះ​គេ​បាន​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​ឲ្យ​សោះ ចូរ​គិត​ដល់​ព្រះ‌អម្ចាស់​ពី​ចម្ងាយ ហើយ​នឹក​ដល់​ក្រុង​យេរូ‌សាឡឹម​ជានិច្ច! ពួក​យើង​ធ្លាប់​អាម៉ាស់ នៅ​ពេល​ឮ​ខ្មាំង​សត្រូវ​ជេរ​ប្រមាថ ពួក​យើង​បាន​បាក់​មុខ នៅ​ពេល​សាសន៍​ដទៃ​នាំ​គ្នា​ចូល​ក្នុង​ទីសក្ការៈ នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ «ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ របស់​ជន‌ជាតិ​បាប៊ី‌ឡូន ហើយ​អ្នក​របួស​នឹង​ថ្ងូរ​ពាស‌ពេញ​ក្នុង​ស្រុក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទោះ​បី​បាប៊ី‌ឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃ ទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដី ក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​ឲ្យ​នាំ​គ្នា​មក ប្រហារ​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ី‌ឡូន ហើយ​សំឡេង​មហន្ត‌រាយ​លាន់​ឮ​ឡើង ពី​ស្រុក​ខាល់ដេ ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ក្រុង​បាប៊ី‌ឡូន ព្រះអង្គ​ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ក្នុង​ក្រុង​នេះ ប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំ កង‌ទ័ព​ដែល​មាន​សូរ​សន្ធឹក​ដូច​មហា​សាគរ នាំ​គ្នា​វាយ​លុក​ក្រុង​នេះ​ដោយ​សម្រែក ទ្រហឹង​អឺង‌អាប់។ ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុក ក្រុង​បាប៊ី‌ឡូន ទាហាន​ដ៏​អង់‌អាច​របស់​ក្រុង​នេះ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​តែងតែ​សង​ទៅ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។ «យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​ទាហាន​ដ៏​អង់‌អាច​របស់​ពួក​គេ ឲ្យ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ ដែល​មាន​នាម​ថា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះ‌អម្ចាស់​នៃ​ពិភព ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «កំពែង​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​បាប៊ី‌ឡូន បាក់​បែក​រហូត​ដល់​គ្រឹះ ទ្វារ​ដ៏​ខ្ពស់ៗ​ក៏​ឆេះ​អស់ គឺ​ស្នា‌ដៃ​ដែល​ប្រជា‌ជន​ទាំង‌ឡាយ បាន​ធ្វើ​ក្លាយ​ជា​អសារ‌បង់ អ្វីៗ​ដែល​ប្រជា‌ជាតិ​នានា​ខំ​ប្រឹង​ធ្វើ ក្លាយ​ទៅ​ជា​ចំណី​ភ្លើង»។ នេះ​ជា​សេចក្ដី​ដែល​ព្យាការី​យេរេមា​បង្គាប់​ដល់​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ពេល​ដែល​គាត់​ទៅ​ស្រុក​បាប៊ី‌ឡូន ជា​មួយ​ព្រះ‌បាទ​សេដេ‌គា នៅ​ឆ្នាំ​ទី​បួន ក្នុង​រជ្ជកាល​របស់​ស្ដេច​នេះ។ កាល​នោះ លោក​សេរ៉ាយ៉ា​មាន​មុខ​តំណែង​ជា​មេ​លើ​ពួក​មហា‌តលិក។ លោក​យេរេមា​សរសេរ​អំពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​ស្រុក​បាប៊ី‌ឡូន ទុក​ក្នុង​ក្រាំង​មួយ គឺ​ព្រះ‌បន្ទូល​ទាំង​អស់​ស្ដី​អំពី​ស្រុក​បាប៊ី‌ឡូន ដូច​មាន​ចែង​ទុក​ខាង​លើ​នេះ​ស្រាប់។ លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សេរ៉ាយ៉ា​ថា៖ «ពេល​លោក​ទៅ​ដល់​បាប៊ី‌ឡូន លោក​ត្រូវ​អាន​សេចក្ដី​ទាំង​នេះ រួច​ពោល​ថា: បពិត្រ​ព្រះ‌អម្ចាស់ គឺ​ព្រះអង្គ​ផ្ទាល់​ដែល​មាន​ព្រះ‌បន្ទូល​ថា ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ លែង​មាន​មនុស្ស មាន​សត្វ​រស់​នៅ​ទៀត​ហើយ គឺ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ពេល​លោក​អាន​សេចក្ដី​ក្នុង​ក្រាំង​នេះ​ចប់ សូម​ចង​ភ្ជាប់​នឹង​ថ្ម​មួយ​ដុំ រួច​យក​ទៅ​ទម្លាក់​នៅ​កណ្ដាល​ទន្លេ​អឺប្រាត។ បន្ទាប់​មក សូម​ប្រកាស​ថា: ក្រុង​បាប៊ី‌ឡូន​នឹង​ត្រូវ​លិច​លង់​ដូច្នេះ​ដែរ គឺ​ក្រុង​នេះ​រង​ទុក្ខ​លំបាក ដែល​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ ពួក​គេ​នឹង​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ»។ ពាក្យ​របស់​លោក​យេរេមា​ចប់​តែ​ត្រឹម​ណេះ។