យេរេមា 50:1-46

យេរេមា 50:1-46 គខប

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស តាម​រយៈ​ព្យាការី​យេរេមា ស្ដី​អំពី​បាប៊ី‌ឡូន និង​ស្រុក​ខាល់ដេ។ «ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង ចូរ​លើក​ទង់​សញ្ញា​ឡើង! ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង កុំ​លាក់​ឲ្យ​សោះ! ចូរ​ប្រកាស​ថា: សត្រូវ​វាយ​យក​បាន​ក្រុង​បាប៊ី‌ឡូន​ហើយ! ព្រះ​បាល​ត្រូវ​អាម៉ាស់ ព្រះ​ម៉ារ៉ូ‌ឌូក​ត្រូវ​រលំ រូប​បដិមា​របស់​ពួក​គេ​ត្រូវ​អាម៉ាស់ ព្រះ​ក្លែងក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​រលំ​ដែរ!។ ប្រជា‌ជាតិ​មួយ​នៅ​ទិស​ខាង​ជើង លើក​ទ័ព​មក​វាយ​ក្រុង​បាប៊ី‌ឡូន ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​រស់​នៅ​ទៀត​ទេ គឺ​ទាំង​មនុស្ស ទាំង​សត្វ រត់​ចេញ​ពី​ទី​នោះ អស់​គ្មាន​សល់។ នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា វិល​ត្រឡប់​មក​វិញ​ជា​មួយ​គ្នា ពួក​គេ​ដើរ​ផង យំ​ផង ហើយ​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-។ ពួក​គេ​នឹង​ស៊ើប‌សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​នាំ​គ្នា​បែរ​មុខ​តម្រង់​ទៅ​រក​ក្រុង​នោះ។ ពួក​គេ​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​ចង​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​ពួក​គេ​មិន​បំភ្លេច​ឡើយ។ ប្រជា‌ជន​របស់​យើង​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​វង្វេង​បាត់។ ពួក​គង្វាល​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ដោយ​ពង្វាង​ទៅ​តាម​ភ្នំ​នានា។ ចៀម​របស់​យើង​ដើរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ រហូត​ដល់​ភ្លេច​ក្រោល​របស់​ខ្លួន។ អស់​អ្នក​ដែល​ជួប​ពួក​គេ នាំ​គ្នា​ខាំ​ហែក​ស៊ី​សាច់ ហើយ​បច្ចា‌មិត្ត​របស់​ពួក​គេ​ពោល​ថា: “បើ​យើង​សម្លាប់​ពួក​គេ យើង​គ្មាន​កំហុស​អ្វី​ទេ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់ព្រះ‌អម្ចាស់!”។ ដូនតា​របស់​ពួក​គេ​បាន​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ ដែល​ជា​ប្រភព​នៃ​សេចក្ដី​សុចរិត។ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ! ចូរ​ធ្វើ​ដូច​ជា​ពពែ​ឈ្មោល ដែល​នៅ​ខាង​មុខ​ហ្វូង​ចៀម។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​នានា ដែល​ជា​មហា​អំណាច ពី​ស្រុក​ខាង​ជើង ឲ្យ​មក​វាយ​លុក​ក្រុង​បាប៊ី‌ឡូន។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​រៀប​ក្បួន​ទ័ព វាយ​យក​ក្រុង​នេះ ព្រួញ​របស់​ពួក​គេ​បាញ់​មិន​ចេះ​ខុស​ទេ គឺ​ប្រៀប​ដូច​ជា​ទាហាន​ដ៏​មាន​ថ្វី​ដៃ ដែល​ឥត​ត្រឡប់​មក​វិញ ដោយ​ពុំ​បាន​ប្រហារ​ជីវិត​មនុស្ស​ឡើយ។ ខ្មាំង​នឹង​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​ខាល់ដេ ហើយ​អស់​អ្នក​ដែល​រឹប​អូស​យក​សម្បត្តិ របស់​ស្រុក​នោះ មុខ​ជា​បាន​ស្កប់‌ស្កល់​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ជន‌ជាតិ​បាប៊ី‌ឡូន​អើយ អ្នក​រាល់​គ្នា​បាន​រឹប​អូស យក​ទ្រព្យ​សម្បត្តិ​នៃ​ប្រជា‌ជន​របស់​យើង ម្ដេច​ក៏​មិន​នាំ​គ្នា​រីក‌រាយ និង​លោត​កព្ឆោង​ទៅ! ចូរ​លោត​ដូច​គោ​ញី​ដែល​កំពុង​ពេញ​កម្លាំង ចូរ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដូច​សេះ​ខ្លាំង​ពូកែ​ទៅ! ក្រុង​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ។ បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ អន់​ជាង​គេ​បំផុត ទឹក​ដី​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ដី​ហួត‌ហែង និង​ជា​ព្រៃ​ល្បោះ»។ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល គ្មាន​នរណា​រស់​នៅ គឺ​ក្រុង​បាប៊ី‌ឡូន​ទាំង​មូល​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំង‌កាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។ ទ័ព​បាញ់​ព្រួញ​អើយ ចូរ​តម្រៀប​គ្នា​វាយ​លុក និង​ព័ទ្ធ​ជុំ‌វិញ​ក្រុង​បាប៊ី‌ឡូន​ទៅ! ចូរ​បាញ់​ព្រួញ​តម្រង់​ទៅ​ក្រុង​នេះ ដោយ​ឥត​ខ្លាច​ខាត​ព្រួញ​ឡើយ ដ្បិត​ក្រុង​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រឆាំង​នឹង​ព្រះ‌អម្ចាស់! ចូរ​ស្រែក​ជយ‌ឃោស​ពី​គ្រប់​ទិស‌ទី ដ្បិត​ក្រុង​នេះ​លើក​ដៃ​សុំ​ចុះ​ចាញ់​ហើយ។ គ្រឹះ​របស់​វា​ត្រូវ​កក្រើក ហើយ​កំពែង​របស់​វា​ក៏​រលំ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​នឹង​ក្រុង​នេះ ដូច្នេះ ចូរ​សង‌សឹក​នឹង​ក្រុង​បាប៊ី‌ឡូន ដោយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល ពួក​គេ​ធ្លាប់​ប្រព្រឹត្ត។ ចូរ​កុំ​ទុក​ឲ្យ​មាន​អ្នក​សាប​ព្រោះ ឬ​អ្នក​ច្រូត​កាត់ រស់​នៅ​ក្នុង​ស្រុក​បាប៊ី‌ឡូន ទៀត​ឡើយ។ រីឯ​ជន​បរទេស​រស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​រត់​គេច ពី​មុខ​ដាវ​របស់​កង‌ទ័ព​ដែល​មក​វាយ​លុក ហើយ​ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន និង​រត់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។ អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ចៀម​វង្វេង ដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំ មុន​ដំបូង ស្ដេច​ស្រុក​អាស្ស៊ីរី​ខាំ​អ៊ីស្រា‌អែល បន្ទាប់​មក នេប៊ូ‌ក្នេសា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហែក​ស៊ី និង​កម្ទេច​ឆ្អឹង​អ៊ីស្រា‌អែល។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់នៃ​ពិភព ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ស្រុក​របស់​គេ ដូច​យើង​បាន​ធ្វើ​ទោស​ស្ដេច​ស្រុក​អាស្ស៊ីរី​ដែរ។ យើង​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ពួក​គេ​នឹង​រស់​នៅ​លើ​ភ្នំ​កើមែល និង​ភ្នំ​បាសាន ហើយ​ពួក​គេ​នឹង​បរិភោគ​ឆ្អែត​បរិបូណ៌ នៅ​លើ​ភ្នំ​អេប្រាអ៊ីម និង​ភ្នំ​កាឡាដ។ នៅ​គ្រា​នោះ គេ​រក​មើល​កំហុស​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល​លែង​ឃើញ​ទៀត​ហើយ រីឯ​អំពើ​បាប​របស់​ជន‌ជាតិ​យូដា ក៏​ពុំ​ឃើញ​មាន​ទៀត​ដែរ ដ្បិត​យើង​លើក‌លែង​ទោស​អស់​អ្នក​ដែល​យើង ទុក​ឲ្យ​នៅ​សេស‌សល់​ពី​ស្លាប់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «ចូរ​ឡើង​ទៅ​វាយ​លុក​ស្រុក​មេរ៉ា‌ថែម វាយ​លុក​អ្នក​ស្រុក​ពេកូដ ចូរ​កម្ទេច និង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង បាន​បង្គាប់​ដល់​អ្នក» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ នៅ​ក្នុង​ស្រុក មាន​ឮ​សូរ​សំឡេង​សឹក​សង្គ្រាម និង​មហន្ត‌រាយ។ បាប៊ី‌ឡូន​ដែល​ប្រៀប​ដូច​ជា​ញញួរ​ដំ​កម្ទេច ផែនដី​ទាំង​មូល បែរ​ជា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់! ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច្នេះ! បាប៊ី‌ឡូន​អើយ យើង​បាន​ដាក់​អន្ទាក់​អ្នក ហើយ​អ្នក​ក៏​ជាប់​អន្ទាក់​នេះ ដោយ​មិន​ដឹង​ខ្លួន ពេល​គេ​ឃើញ​អ្នក គេ​ចាប់​យក​ភ្លាម ព្រោះ​អ្នក​ហ៊ាន​រក​រឿង​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​បាន​បើក​ឃ្លាំង​របស់​ព្រះអង្គ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ នៃ​ព្រះ‌ពិរោធ​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ត្រូវ​ការ​ប្រើ គ្រឿង​សស្ត្រា‌វុធ​ទាំង​នេះ នៅ​ស្រុក​ខាល់ដេ។ ចូរ​នាំ​គ្នា​មក​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​វាយ​ប្រហារ​បាប៊ី‌ឡូន ចូរ​បើក​ជង្រុក​របស់​ពួក​គេ ចូរ​កម្ទេច​ក្រុង​នេះ ហើយ​បំផ្លាញ​ទាំង​អស់ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ កុំ​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ។ ចូរ​សម្លាប់​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​នោះ ដូច​គោ​ដែល​គេ​សម្លាប់​នៅ​ទី​សត្ត‌ឃាត! ពួក​គេ​មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ទារុណ‌កម្ម មក​ដល់​ហើយ។ ប្រជា‌ជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង បាប៊ី‌ឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ទ្រង់​សង‌សឹក​ហើយ គឺ​ព្រះអង្គ​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​គេ​បាន​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះអង្គ! ចូរ​កោះ​ហៅ​អ្នក​បាញ់​ព្រួញ គឺ​អ្នក​បាញ់​ព្រួញ ដ៏​ពូកែ​ទាំង​ប៉ុន្មាន មក​វាយ​លុក​បាប៊ី‌ឡូន ចូរ​បោះ​ទ័ព​ជុំ‌វិញ​ក្រុង​នេះ កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។ ចូរ​សង​ពួក​បាប៊ី‌ឡូន​វិញ តាម​អំពើ​របស់​ពួក​គេ ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​វិញ​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​វាយ‌ឫក​ព្រហើន​ដាក់​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ «ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នោះ យុវជន​របស់​ពួក​គេ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ រីឯ​ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ក្រុង​បាប៊ី‌ឡូន​ដ៏​ព្រហើន​អើយ យើង​នឹង​ដាក់​ទោស​អ្នក ថ្ងៃ​ដែល​អ្នក​ទទួល​ទារុណ‌កម្ម​មក​ដល់​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។ ក្រុង​ដ៏​ព្រហើន​នេះ ត្រូវ​ជំពប់​ដួល គ្មាន​នរណា​ជួយ​លើក​វា​ឡើង​វិញ​ទេ យើង​ដុត​កម្ទេច​ក្រុង​នានា​នៅ​ស្រុក​បាប៊ី‌ឡូន ហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា ត្រូវ​បាប៊ី‌ឡូន​សង្កត់‌សង្កិន​រួម​ជា​មួយ​គ្នា អស់​អ្នក​ដែល​បាន​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ នៅ​តែ​ឃុំ​ពួក​គេ​ទុក​ដដែល មិន​ព្រម​លែង​ពួក​គេ​ឡើយ»។ ប៉ុន្តែ ព្រះ​ដែល​លោះ​ពួក​គេ ទ្រង់​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះអង្គ​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យ អ្នក​ស្រុក​បាប៊ី‌ឡូន​កើត​ចលាចល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ដាវ​ទៅ​ប្រហារ​ជន‌ជាតិ​ខាល់ដេ អ្នក​ក្រុង​បាប៊ី‌ឡូន ព្រម​ទាំង​មន្ត្រី និង​អ្នក​ប្រាជ្ញ​របស់​ពួក​គេ។ ចូរ​យក​ដាវ​ទៅ​ប្រហារ​គ្រូ​ហោរ​របស់​ពួក​គេ! អ្នក​ទាំង​នោះ​ជា​មនុស្ស​វិកល‌ចរិត! ចូរ​យក​ដាវ​ទៅ​ប្រហារ​ទាហាន​ដ៏ ខ្លាំង​ពូកែ​របស់​ពួក​គេ អ្នក​ទាំង​នោះ​ត្រូវ​រលំ​ហើយ! ចូរ​យក​ដាវ​ទៅ​ប្រហារ​សេះ និង​រទេះ​ចម្បាំង​របស់​ពួក​គេ ហើយ​ប្រហារ​ជន​បរទេស​ដែល​មក​ជួយ​ច្បាំង រួម​ជា​មួយ​ពួក​គេ​ដែរ! អ្នក​ទាំង​នោះ​ទន់​ខ្សោយ​ដូច​មនុស្ស​ស្រី! ចូរ​យក​ដាវ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ហើយ​រឹប​អូស​យក​ទាំង​អស់​ទៅ! ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេ ឲ្យ​រីង​ស្ងួត! ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​រូប​បដិមា ពួក​គេ​វង្វេង‌វង្វាន់​ទៅ​តាម​រូប​ទីង‌មោង ដ៏​គម្រក់​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​ព្រៃ និង​សត្វ​សាហាវ នាំ​គ្នា​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ក្រុង​នេះ សត្វ​ត្មាត​ក៏​មក​ធ្វើ​សំបុក​រស់​នៅ​ដែរ គ្មាន​មនុស្ស​រស់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក្រុង​នេះ​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ ដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញ គឺ​គ្មាន​នរណា​មក​រស់​នៅ​ទៀត​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​តាំង​ទី​លំ‌នៅ ទៀត​ដែរ»។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើង ប្រជា‌ជាតិ​មួយ និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​បាប៊ី‌ឡូន! ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ឮ​ដំណឹង​នេះ ក៏​ទន់​ដៃ​ទន់​ជើង អន្ទះ‌សា និង​ឈឺ​ចាប់​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។ សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រុក​បាប៊ី‌ឡូន រត់​ចេញ​ទៅ​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង? ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់ សម្រេច​ធ្វើ​ចំពោះ​បាប៊ី‌ឡូន និង​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ស្រុក​ខាល់ដេ! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។ ពេល​ក្រុង​បាប៊ី‌ឡូន​រលំ ផែនដី​ក៏​កក្រើក មាន​សម្រែក​លាន់​ឮ​ឡើង​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ។