«ចូរប្រាប់ឲ្យកូនចៅរបស់លោកយ៉ាកុបដឹង ចូរប្រកាសដល់ប្រជាជននៅស្រុកយូដាថា: ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់! អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ អ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ ព្រះអម្ចាស់មានព្រះបន្ទូលថា តើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រ នៅចំពោះមុខយើងទេឬ? យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ច សម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបាន ទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណា ក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។ រីឯប្រជាជននេះវិញ គេមានចិត្តរឹងរូស បះបោរប្រឆាំងនឹងយើង ហើយនាំគ្នាដកខ្លួនចាកចេញពីយើង។ គេពុំព្រមរិះគិតក្នុងចិត្តថា “ចូរយើងនាំគ្នាគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះនៃយើង។ ព្រះអង្គប្រទានទឹកភ្លៀងមកយើង តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ ហើយព្រះអង្គក៏បានកំណត់ទុកនូវសប្ដាហ៍ ដែលយើងត្រូវច្រូតកាត់ដែរ”។ កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យ ធាតុអាកាសប្រែប្រួល អំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យ អ្នករាល់គ្នាបាត់បង់ពរទាំងនោះ។ មានជនពាលស្ថិតនៅក្នុងចំណោម ប្រជារាស្ត្ររបស់យើង ពួកគេដាក់អន្ទាក់ចាំចាប់មនុស្ស ដូចព្រានដាក់អន្ទាក់ចាំចាប់សត្វ។ ផ្ទះរបស់ពួកគេមានពោរពេញដោយទ្រព្យ ដែលគេប្លន់យកបាន ដូចទ្រុងពេញដោយសត្វស្លាប គឺពួកគេមានអំណាច និងមានទ្រព្យជាច្រើន ដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។ ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់ ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិត ពួកគេមិនគិតពីយុត្តិធម៌ទេ ហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។ ពួកគេចេះតែចម្រើនឡើង ពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។ តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ ព្រោះតែអំពើទាំងនោះទេឬ? តើមិនគួរឲ្យយើងសងសឹកប្រជាជាតិ អាក្រក់បែបនេះទេឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវ ដ៏ថោកទាបបំផុត គឺពួកព្យាការីនាំគ្នាថ្លែងពាក្យ ក្នុងនាមព្រះក្លែងក្លាយ ក្រុមបូជាចារ្យគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
អាន យេរេមា 5
ស្ដាប់នូវ យេរេមា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 5:20-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ