យេរេមា 5:1-19

យេរេមា 5:1-19 គខប

ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ចូរ​សង្កេត​មើល ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់ នោះ​យើង​អត់‌ទោស​ឲ្យ​ក្រុង​យេរូ‌សាឡឹម។ ទោះ​បី​គេ​ស្បថ ដោយ​យក​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​សាក្សី​ក្ដី ក៏​ពាក្យ​សម្បថ​របស់​គេ​មិន​ពិត​ដែរ។ បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​រំពៃ​មើល ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ ព្រះអង្គ​បាន​វាយ​ប្រហារ​ពួក​គេ តែ​ពួក​គេ​ធ្វើ​ព្រងើយ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាស តែ​ពួក​គេ​មិន​រាង‌ចាល​ទេ ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម ពួក​គេ​មិន​ព្រម​វិល​មក​រក​ព្រះអង្គ​វិញ​ទេ។ ខ្ញុំ​គិត​ថា: អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា មនុស្ស​តូច‌តាច មិន​សូវ​ដឹង​អី គេ​ពុំ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។ ខ្ញុំ​គួរ​តែ​ទៅ​រក​ពួក​អ្នក​ធំ​វិញ ដើម្បី​និយាយ​ជា​មួយ​ពួក​គេ អ្នក​ទាំង​នោះ​ពិត​ជា​ស្គាល់​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​ខ្លួន។ ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​ព្រះអង្គ ដូច​អ្នក​តូច‌តាច​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​តោ​ចេញ​ពី​ព្រៃ មក​ប្រហារ​ពួក​គេ សត្វ​ចចក​ចេញ​ពី​ព្រៃ​ល្បោះ​មក​ហែក​ពួក​គេ​ស៊ី ខ្លា​រខិន​មក​សម្ងំ​ចាំ​ចាប់​ពួក​គេ​នៅ​មាត់​ទ្វារ​ក្រុង អស់​អ្នក​ដែល​ចេញ​ពី​ទីក្រុង​នឹង​ត្រូវ​ខ្លា​ហែក​ស៊ី ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ជា​ច្រើន​ដង និង​ក្បត់​ព្រះ‌អម្ចាស់​ជា​ច្រើន​លើក​ច្រើន​សា។ «តើ​យើង​អត់‌ទោស​ឲ្យ​អ្នក​ដូច​ម្ដេច​បាន? កូន​ចៅ​របស់​អ្នក​បាន​បោះ​បង់​ចោល​យើង គេ​ស្បថ​ដោយ​យក​ព្រះ​ក្លែងក្លាយ​ធ្វើ​ជា​សាក្សី។ យើង​បាន​ឲ្យ​ពួក​គេ​មាន​ភោគ​ទ្រព្យ​បរិបូណ៌ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ផិត​ក្បត់​ទៅ​វិញ គឺ​ពួក​គេ​លើក​គ្នា​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ក្នុង​វិហារ​របស់​ព្រះ​ក្លែងក្លាយ។ ពួក​គេ​ប្រៀប​បាន​នឹង​សេះ​បា​ដែល​ពេញ​កម្លាំង គឺ​ម្នាក់ៗ​គិត​តែ​ចែ‌ចង់​ប្រពន្ធ​គេ។ ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស ពួក​គេ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទណ្ឌ‌កម្ម​ប្រជា‌ជាតិ អាក្រក់​បែប​នេះ​ទេ​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ឡើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពួក​គេ ហើយ​កម្ទេច​ចោល​ទៅ តែ​កុំ​កម្ទេច​ឲ្យ​អស់​ទាំង​ស្រុង​ឡើយ។ ចូរ​កាប់​មែក​វា​ចោល ព្រោះ​មិន​មែន​ជា​មែក​របស់​ព្រះ‌អម្ចាស់​ទេ! ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា សុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ គេ​ពោល​ថា «គ្មាន​ព្រះ‌អម្ចាស់​ទេ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរ យើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។ រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេ សេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេ សូម​ឲ្យ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះ កើត​មាន​ដល់​ពួក​គេ!»។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «យេរេមា​អើយ ដោយ​ពួក​គេ​ពោល​ដូច្នេះ យើង​នឹង​យក​ពាក្យ​ដែល​យើង​ដាក់ ក្នុង​មាត់​អ្នក​ធ្វើ​ជា​ភ្លើង ហើយ​យក​ប្រជា‌ជន​នេះ​ធ្វើ​ជា​អុស ដែល​ភ្លើង​ឆេះ​បំផ្លាញ។ អ៊ីស្រា‌អែល​អើយ! យើង​នាំ​ប្រជា‌ជាតិ​មួយ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ដាក់​ទោស​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- គឺ​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ ជា​ប្រជា‌ជាតិ​ដែល​កកើត​ឡើង តាំង​ពី​យូរ‌លង់​មក​ហើយ ជា​ប្រជា‌ជាតិ​ដែល​អ្នក​រាល់​គ្នា​មិន​យល់​ភាសា ហើយ​ក៏​មិន​យល់​សេចក្ដី​ដែល​គេ​និយាយ​ដែរ។ ទាហាន​របស់​គេ​សុទ្ធ​តែ​ចំណានៗ ព្រួញ​របស់​គេ​នឹង​ប្រល័យ​ជីវិត​អ្នក​រាល់​គ្នា។ ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហារ របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ របស់​អ្នក​រាល់​គ្នា ពួក​គេ​កម្ទេច​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នា ហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។ ប៉ុន្តែ នៅ​គ្រា​នោះ ទោះ​បី​យ៉ាង​ណា​ក្ដី យើង​មិន​កម្ទេច​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យេរេមា​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បម្រើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។