ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានឮសំឡេងយំនៅភូមិរ៉ាម៉ា ជាទំនួញសោកសៅ និងសម្រែកឈឺចាប់ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាលួងលោមឡើយ ព្រោះកូនរបស់នាងបាត់បង់ជីវិត អស់ទៅហើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក របស់ខ្មាំងសត្រូវមកវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹម ព្រោះកូនចៅរបស់នាងវិលត្រឡប់មក ទឹកដីរបស់ខ្លួនវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ព្រះអង្គបានដាក់ទោសទូលបង្គំ ហើយទូលបង្គំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំទូលបង្គំឲ្យវិលមកវិញ នោះទូលបង្គំនឹងវិលមកវិញ ដ្បិតព្រះអង្គជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំ។ ទូលបង្គំវិលមកវិញ ទាំងនឹកស្ដាយកំហុស។ ពេលដឹងខ្លួនខុសទូលបង្គំក៏គក់ទ្រូង នឹកស្ដាយ ហើយអៀនខ្មាស។ ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំ ប្រព្រឹត្តកាលនៅពីក្មេង”។ អេប្រាអ៊ីមជាកូនសម្លាញ់ ជាកូនសំណព្វចិត្តរបស់យើង។ ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីម យើងចេះតែនឹកឃើញគេជានិច្ច យើងខ្លោចចិត្តអាណិតគេ យើងស្រឡាញ់គេខ្លាំងណាស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើង ចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរ នាងព្រហ្មចារីអ៊ីស្រាអែលអើយ ចូរវិលត្រឡប់មកវិញ ចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។ កូនស្រីដែលបះបោរអើយ តើនាងនៅតែដើរតែលតោល ដល់កាលណាទៀត? ព្រះអម្ចាស់បានធ្វើឲ្យមានការមួយថ្មី កើតឡើងនៅលើផែនដីនេះ គឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយនឹងពោលថា: “អ្នកជាព្រះដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ សូមព្រះអម្ចាស់ប្រទានពរអ្នក!” អ្នកស្រែចម្ការ ព្រមទាំងអ្នកចិញ្ចឹមសត្វ នឹងរស់នៅជាមួយគ្នា នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។ យើងនឹងឲ្យទឹកដល់អ្នកដែលស្រេក ហើយជួយអ្នកខ្សោះល្វើយឲ្យមានកម្លាំងឡើងវិញ»។ ពេលនោះ ខ្ញុំភ្ញាក់ឡើង ហើយឃើញថា ខ្ញុំដេកលក់យ៉ាងស្កប់ស្កល់! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រាអែល និងស្រុកយូដា។ ពីមុន យើងធ្លាប់មករកពួកគេ ដើម្បីរម្លើង រំលំ កម្ទេច និងបំផ្លាញឲ្យវិនាសយ៉ាងណា យើងនឹងមករកពួកគេ ដើម្បីសង់ និងដាំឡើងវិញយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅគ្រានោះ គេលែងពោលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ តែកូនបែរជាឈឺធ្មេញ”ទៀតហើយ គឺម្នាក់ៗត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួន។ អ្នកណាបរិភោគក្តឹបទំពាំងបាយជូរ អ្នកនោះនឹងឈឺធ្មេញ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងចងសម្ពន្ធមេត្រីថ្មីជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។ សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះ នាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្ដី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។ សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់ឱនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់ដែលតែងតាំងព្រះអាទិត្យ ឲ្យបំភ្លឺនៅពេលថ្ងៃ ហើយព្រះច័ន្ទ និងហ្វូងតារា បំភ្លឺនៅពេលយប់ តាមពេលកំណត់ ព្រះអង្គធ្វើឲ្យកក្រើកទឹកសមុទ្រ និងមានរលកបក់បោក ព្រះអង្គដែលមានព្រះនាមថា “ព្រះអម្ចាស់នៃពិភពទាំងមូល” មានព្រះបន្ទូលថា៖ «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាន នោះអ៊ីស្រាអែលក៏លែងមានឈ្មោះជា ប្រជាជាតិនៅចំពោះមុខយើង រហូតតទៅដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ប្រសិនបើគេអាចវាស់បណ្ដោយផ្ទៃមេឃ និងជម្រៅផែនដីបាន នោះយើងក៏បោះបង់ចោលពូជពង្សអ៊ីស្រាអែល ព្រោះតែអំពើទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅគ្រាខាងមុខ គេនឹងសង់ទីក្រុងឡើងវិញថ្វាយព្រះអម្ចាស់ គឺចាប់តាំងពីប៉មហាណានាលរហូតដល់ទ្វារនៅជ្រុងកំពែង។ គេនឹងកំណត់ព្រំប្រទល់ថ្មីរបស់ទីក្រុង ចាប់ពីកន្លែងនោះឆ្ពោះទៅទិសខាងលិច រហូតដល់ភ្នំការេប រួចបត់ឆ្ពោះទៅកូអាត។ ជ្រលងភ្នំសាកសព និងផេះទាំងមូល ហើយចន្លោះទាំងប៉ុន្មានដែលលាតសន្ធឹងរហូតដល់ជ្រោះកេដ្រូន និងជ្រុងទ្វារសេះ ដែលនៅខាងកើត ត្រូវញែកថ្វាយព្រះអម្ចាស់។ កន្លែងទាំងនោះ នឹងមិនត្រូវគាស់ ឬកម្ទេចឡើយ។
អាន យេរេមា 31
ស្ដាប់នូវ យេរេមា 31
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 31:15-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ