យេរេមា 31:1-22

យេរេមា 31:1-22 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា ព្រះ​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោ‌ស្ថាន យើង​បាន​សម្តែង​ការ​ប្រណី​សន្ដោស​ដល់ ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចម្បាំង ហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។ ពួក​គេ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះអង្គ ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ ដែល​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។ នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ! យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញ រួច​នាង​នឹង​ចេញ​មក​លោត​រាំ ទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។ នាង​នឹង​ដាំ​ទំពាំង‌បាយជូរ​ក្នុង​ចម្ការ នៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។ អ្នក​ណា​ដាំ អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។ បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែក នៅ​លើ​ភ្នំ​អេប្រាអ៊ីម​ថា: “ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង!”» ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកុប! ចូរ​ទទួល​ប្រជា‌ជន​ដែល​ជា​មេ​ដឹក​នាំ នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ ឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង! ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់! ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់”។ យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាល នៃ​ផែនដី​មក​វិញ​ដែរ។ ពួក​គេ​មក​ទាំង​អស់​គ្នា គឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សម្រាល​កូន។ ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។ ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូល‌អង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ! ចូរ​ប្រកាស​ថា: «ព្រះ​ដែល​កម្ចាត់‌កម្ចាយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយ ព្រះអង្គ​ថែ‌រក្សា​អ៊ីស្រា‌អែល ដូច​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះ‌អម្ចាស់​រំដោះ​កូន​ចៅ​របស់​លោក​យ៉ាកុប ព្រះអង្គ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ខ្មាំង ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។ ពួក​គេ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ​សម្បត្តិ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ហ្វូង​ចៀម និង​ហ្វូង​គោ។ ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យាន ដែល​មាន​ទឹក​ស្រោច​ស្រព ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។ ពេល​នោះ ស្ត្រី​ក្រមុំ​នឹង​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ ហើយ​ពួក​យុវជន និង​ពួក​ចាស់​ទុំ ក៏​នឹង​រាំ​យ៉ាង​សប្បាយ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​ព្រួយ​របស់​ពួក​គេ ប្រែ​ទៅ​ជា​អំណរ​រីក‌រាយ យើង​នឹង​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ ឡើង​វិញ។ យើង​នឹង​ឲ្យ​សាច់​ដ៏​ល្អៗ​ដល់ ពួក​បូជា‌ចារ្យ​បរិភោគ​យ៉ាង​ស្កប់‌ស្កល់ ហើយ​យើង​នឹង​ផ្ដល់​សម្បត្តិ​ដ៏​បរិបូណ៌ ដល់​ប្រជា‌រាស្ត្រ​របស់​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ឮ​សំឡេង​យំ​នៅ​ភូមិ​រ៉ាម៉ា ជា​ទំនួញ​សោក‌សៅ និង​សម្រែក​ឈឺ​ចាប់ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​លួង‌លោម​ឡើយ ព្រោះ​កូន​របស់​នាង​បាត់​បង់​ជីវិត អស់​ទៅ​ហើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឈប់​យំ​សោក និង​ឈប់​បង្ហូរ​ទឹក​ភ្នែក​ទៅ! ដ្បិត​នាង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត កូន​ចៅ​របស់​នាង​នឹង​វិល​ត្រឡប់​ពី​ស្រុក របស់​ខ្មាំង​សត្រូវ​មក​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - អនាគត​នាង​ពោរ‌ពេញ​ដោយ​សេចក្ដី​សង្ឃឹម ព្រោះ​កូន​ចៅ​របស់​នាង​វិល​ត្រឡប់​មក ទឹក​ដី​របស់​ខ្លួន​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​ឮ​អេប្រាអ៊ីម​យំ​រៀប​រាប់​ថា: “ព្រះអង្គ​បាន​ដាក់​ទោស​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទោស ដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។ សូម​នាំ​ទូលបង្គំ​ឲ្យ​វិល​មក​វិញ នោះ​ទូលបង្គំ​នឹង​វិល​មក​វិញ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ​របស់​ទូលបង្គំ។ ទូលបង្គំ​វិល​មក​វិញ ទាំង​នឹក​ស្ដាយ​កំហុស។ ពេល​ដឹង​ខ្លួន​ខុស​ទូលបង្គំ​ក៏​គក់​ទ្រូង នឹក​ស្ដាយ ហើយ​អៀន​ខ្មាស។ ទូលបង្គំ​បាក់​មុខ ព្រោះ​តែ​អំពើ​ដែល​ទូលបង្គំ ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង”។ អេប្រាអ៊ីម​ជា​កូន​សម្លាញ់ ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។ ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រាអ៊ីម យើង​ចេះ​តែ​នឹក​ឃើញ​គេ​ជានិច្ច យើង​ខ្លោច​ចិត្ត​អាណិត​គេ យើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «ចូរ​លើក​ទង់​សញ្ញា និង​បង្គោល​ចំណាំ​ឡើង ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ផ្លូវ​ដែល​អ្នក​ដើរ នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ ចូរ​វិល​ត្រឡប់​មក​វិញ ចូរ​វិល​ត្រឡប់​មក​ក្រុង​នានា​របស់​នាង​វិញ។ កូន​ស្រី​ដែល​បះ‌បោរ​អើយ តើ​នាង​នៅ​តែ​ដើរ​តែល‌តោល ដល់​កាល​ណា​ទៀត? ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ការ​មួយ​ថ្មី កើត​ឡើង​នៅ​លើ​ផែនដី​នេះ គឺ​ប្រពន្ធ​បែរ​ជា​ស្វែង​រក​ប្ដី​ទៅ​វិញ!»។