យេរេមា 31:1-14

យេរេមា 31:1-14 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា ព្រះ​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោ‌ស្ថាន យើង​បាន​សម្តែង​ការ​ប្រណី​សន្ដោស​ដល់ ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចម្បាំង ហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។ ពួក​គេ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះអង្គ ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ ដែល​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។ នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ! យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញ រួច​នាង​នឹង​ចេញ​មក​លោត​រាំ ទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។ នាង​នឹង​ដាំ​ទំពាំង‌បាយជូរ​ក្នុង​ចម្ការ នៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។ អ្នក​ណា​ដាំ អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។ បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែក នៅ​លើ​ភ្នំ​អេប្រាអ៊ីម​ថា: “ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង!”» ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកុប! ចូរ​ទទួល​ប្រជា‌ជន​ដែល​ជា​មេ​ដឹក​នាំ នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ ឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង! ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់! ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់”។ យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាល នៃ​ផែនដី​មក​វិញ​ដែរ។ ពួក​គេ​មក​ទាំង​អស់​គ្នា គឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សម្រាល​កូន។ ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។ ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូល‌អង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ! ចូរ​ប្រកាស​ថា: «ព្រះ​ដែល​កម្ចាត់‌កម្ចាយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយ ព្រះអង្គ​ថែ‌រក្សា​អ៊ីស្រា‌អែល ដូច​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះ‌អម្ចាស់​រំដោះ​កូន​ចៅ​របស់​លោក​យ៉ាកុប ព្រះអង្គ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ខ្មាំង ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។ ពួក​គេ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ​សម្បត្តិ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ហ្វូង​ចៀម និង​ហ្វូង​គោ។ ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យាន ដែល​មាន​ទឹក​ស្រោច​ស្រព ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។ ពេល​នោះ ស្ត្រី​ក្រមុំ​នឹង​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ ហើយ​ពួក​យុវជន និង​ពួក​ចាស់​ទុំ ក៏​នឹង​រាំ​យ៉ាង​សប្បាយ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​ព្រួយ​របស់​ពួក​គេ ប្រែ​ទៅ​ជា​អំណរ​រីក‌រាយ យើង​នឹង​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ ឡើង​វិញ។ យើង​នឹង​ឲ្យ​សាច់​ដ៏​ល្អៗ​ដល់ ពួក​បូជា‌ចារ្យ​បរិភោគ​យ៉ាង​ស្កប់‌ស្កល់ ហើយ​យើង​នឹង​ផ្ដល់​សម្បត្តិ​ដ៏​បរិបូណ៌ ដល់​ប្រជា‌រាស្ត្រ​របស់​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យេរេមា 31:1-14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ