យេរេមា 30:17-22

យេរេមា 30:17-22 គខប

យើង​នឹង​លើក​អ្នក​ឡើង​វិញ យើង​នឹង​ប្រោស​ឲ្យ​មុខ​របួស​អ្នក បាន​ជា​សះ‌ស្បើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -។ ពួក​គេ​ហៅ​អ្នក​ថា “ក្រុង​ដែល​គេ​បោះ​បង់​ចោល” គឺ​ក្រុង​ស៊ីយ៉ូន​ដែល​គ្មាន​នរណា​រាប់​រក»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ស្ដារ​ពូជ‌ពង្ស​របស់​យ៉ាកុប​ឡើង​វិញ យើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។ គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញ ហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។ ការ​សរសើរ​តម្កើង និង​សំណើច​ក្អាក‌ក្អាយ នឹង​លាន់​ឮ​ឡើង​ពី​ក្នុង​ចំណោម​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើងៗ គឺ​គេ​មិន​ចុះ​ថយ​ឡើយ។ យើង​នឹង​លើក​តម្កើង​ពួក​គេ គឺ​គេ​មិន​ទន់‌ទាប​ទៀត​ទេ។ កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​ពី​ដើម សហគមន៍​របស់​គេ​នឹង​ស្ថិត‌ស្ថេរ នៅ​ចំពោះ​មុខ​យើង ហើយ​យើង​នឹង ដាក់​ទោស​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ។ មេ​ដឹក​នាំ​នឹង​កើត​ចេញ​ពី​ចំណោម​ពួក​គេ អ្នក​គ្រប់‌គ្រង​ក៏​កើត​ពី​ចំណោម​ពួក​គេ​ដែរ។ យើង​នឹង​ឲ្យ​មេ​ដឹក​នាំ​នោះ​ចូល​មក​ជិត​យើង ដ្បិត​គ្មាន​នរណា​ហ៊ាន​ចូល​មក​ជិត​យើង ដោយ​ចិត្ត​ឯង​ឡើយ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។